សូហ្វតិន្នីសកម្ពុជាឈ្នះមេដាយជើងឯកអាស៊ីអាគ្នេយ៍ជាង ១០គ្រឿង

នូ មករា October 12, 2018


ភ្នំពេញ៖ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជាទើបតែដណ្តើមបានមេដាយជាង ១០គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអគ្នេយ៍នៅប្រទេសហ្វីលីពីនដោយការប្រកួតលើកនេះទទួលបានមេដាយច្រើនជាងមុនទោះបីក្រុមកីឡាសូហ្វតិន្នីសឈរចំណាត់លេខ២ ក៏ដោយ ។ សូមបញ្ជាក់ថា ការប្រកួតនេះបានចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលាហើយពេលនេះក្រុមកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជាទាំងជាង ១០រូបរួមជាមួយប្រតិភូបានមកដល់កម្ពុជាវិញហើយ ។
 
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានមានប្រសាសន៍ក្នុងឳកាសសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា ការប្រកួតខាងលើក្រុមកីឡាសូហ្វតិន្នីសកម្ពុជាដណ្ដើមបានមេដាយចំនួន១០គ្រឿងក្នុងនោះទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធលើសពី៥ គ្រឿង។
លោកផ្កាយ៣ បានអះអាងថាសហព័ន្ធអាស៊ានចង់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះតែកម្ពុជាមិនទទួល ទោះជាយ៉ាងណាក៏នេះជាលើកទី៣ហើយដែលកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដោយលើកទី១​ នាឆ្នាំ២០១៦ដែលការប្រកួតធ្វើនៅប្រទេសម៉ាឡេស៊ីនោះកម្ពុជាដណ្ដើមបានមេដាយប្រាក់វិញ្ញាសាជាក្រុមនិងលើកទី២ កាលឆ្នាំ២០១៧ កម្ពុជាដណ្ដើមបានមេដាយមាសក្រុមបុរស និងមេដាយប្រាក់ក្រុមនារី។ លោកបានបញ្ជាក់ថា ក្នុងតំបន់អាស៊ានប្រទេសដែលខ្លាំងលើប្រភេទកីឡាសូហ្វតិន្នីស គឺឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងកម្ពុជា ៕
អត្ថបទៈ វ៉ាន្នី

មតិយោបល់