ម្ចាស់មេដាយប្រាក់ពិភពលោក សាលី អ៊ូមើត នឹងទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា

នូ មករា October 12, 2018


ភ្នំពេញ៖ កាលពីព្រឹកមិញនេះកីឡាករឆ្នើមផ្នែកកីឡាម៉ូតូរបស់កម្ពុជា សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ផងដែរនោះ បានវិលត្រលប់មកដល់កម្ពុជាហើយជាមួយនឹងមេដាយប្រាក់កម្រិតពិភពលោកដែលរូបគេទើបតែដណ្តើមបាននៅសហរដ្ឋអាម៉េរិគមកជូនមាតុភូមិដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងតំណាងក្រសួងអប់រំយុជននិងកីឡាជាច្រើនរូបផ្សេងទៀត ព្រមជាមួយសាច់ញាតិផងដែរ ។
  
លោក ប៊ុន សុខ បានមានប្រសាសន៍ថា  បើតាមអនុក្រឹតដែលប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៥កន្លងមកនោះ ជ័យលាភីដែលឈ្នះមេដាយកម្រិតពិភពលោកក្នុងនោះមានមាសទទួលបាន ២០លានរៀលមេដាយប្រាក់ទទួលបាន ១៦លានរៀល និងមេដាយសំរឹទ្ធទទួលបាន ១៣លានរៀល ។ សូមបញ្ជាក់ថា សាលី អ៊ូមើត បានឈ្នះមេដាយប្រាក់កម្រិិតពិភពលោក ១គ្រឿងនៅក្នុងការប្រកួតនៅរដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិគ លើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោក ។ 
 
គួរបញ្ជាក់ថា លទ្ធផលនេះមិនបានធ្វើឲ្យកីឡាកររូបនេះសប្បាយចិត្តប៉ុន្មានទេ ដោយសារខ្លួនមិនអាចសម្រេចបំណងដណ្ដើមមេដាយមាសជូនជាតិបាន ខណៈនេះគឺជាលើកដំបូងហើយដែលរូបគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកក្នុងនាមកីឡាករជម្រើសជាតិកម្ពុជា ដោយនាពេលកន្លងមកចូលរួមតំណាងក្លឹបប៉ុនណោះ ។ ប៉ុន្ដែយ៉ាងណា ក៏ដោយមានរឿងមួយអាចលួងចិត្តឲ្យ អ៊ូមើត សប្បាយចិត្តបានដោយសារការប្រកួតនេះម៉ូតូទឹករបស់ អ៊ូមើត មិនបានធ្វើការកែឆ្នៃ ឬបំពាក់ឧបករណ៍ជំនួយម៉ាស៊ីនដូចកីឡាករដទៃនោះទេ ៕
អត្ថបទៈ ប៉ាវឡុង ជីង

 

មតិយោបល់