អបអរសាទរ! កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបឈ្នះមេដាយមាសប៉េតង់ពិភពលោកថ្ងៃនេះ!

នូ មករា October 11, 2018


បារាំង: នេះពិតជាមោទកភាពបន្ថែមទៀតសម្រាប់ជាតិកម្ពុជាដោយវីរកីឡាការិនី កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលធ្លាប់តែដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសាប៉េតង់ឯកត្តជននាពេលកន្លងមកនោះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីអ្នកទាំងពីរទើបតែឈ្នះមេដាយមាសលើវិញ្ញាសាវាយគូនារី ២នាក់ទល់នឹង ២នាក់ ។ សូមបញ្ជាក់ថា នេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបញ្ចប់ការប្រកួត ខណៈនៅសល់ ២វិញ្ញាសាទៀតត្រូវបន្ដប្រកួតនាថ្ងៃបន្ទាប់ គឺវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ និងវិញ្ញាសាឯកត្តជន ។ រីឯផ្នែកបុរសក៏ដូចគ្នាដែរ ប៉ុន្ដែមិនទទួលបានលទ្ធផលល្អក្នុងការប្រកួតដំបូងនោះឡើយ ។

លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមកីឡាប៉េតង់ជម្រើសជាតិបុរសកម្ពុជា បានបញ្ជាក់បន្ថែមដល់ប្រព័ន្ធសារព័ត៌មានក្នុងស្រុក Fresh News ថា ការប្រកួតជ្រើសរើសជើងឯកកម្រិតពិភពលោកនេះ គឺរៀបចំមានលក្ខណៈពិសេស ខុសប្លែកពីការប្រកួតជើងឯកពិភពលោកផ្លូវការ ដោយម្ចាស់ផ្ទះបារាំង ដែលជាប្រទេសស្ថាបនិកកីឡាប៉េតង់នេះបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះឡើងដោយអញ្ជើញតែប្រទេសខ្លាំងៗប្រចាំតំបន់នីមួយៗ ទៅចូលរួមប្រកួតប៉ុណ្ណោះ ក្នុងនោះក៏មានវត្តមានប្រទេសកម្ពុជាផងដែរ ស្របពេលកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបទៅចូលរួម ក្រោមការដឹកនាំរបស់លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា ៕

អត្ថបទ: មករា

មតិយោបល់