កីឡា ៧ប្រភេទនឹងមានវត្តមានក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ

នូ មករា October 5, 2018


ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨នេះនឹងធ្វើនៅទីរួមខេត្តកោះកុងរយៈពេល ៣ថ្ងៃគឺពីថ្ងៃទី១៤  ដល់ថ្ងៃទី១៦ ខែធ្នូ ។ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងឲ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំនេះធ្វើនៅខេត្តកោះកុងគឺមួយផ្នែកនៅទីរួមខេត្ត និងមួយផ្នែកទៀតនៅរមណីយដ្ឋានវិស្សមកាលតារាសាគរដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រនៃស្រុកបទុមសាគរខេត្តកោះកុង ។

នេះពិតជាកិត្តិយសណាស់សម្រាប់ខេត្តកោះកុងដែលពិធីបុណ្យសមុទ្រលើកនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ពិធីបុណ្យសមុទ្រឆ្នាំនេះប្រារព្ធធ្វើក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ” ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់កីឡាចំនួន ៧ប្រភេទចូលរួម ដូចជា រត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង (Sailing)។ ក្រៅពីនោះក៏មានក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ ជាដើម។ អ្វីដែលកាន់តែពិសេសនោះក្រៅពីកម្មវិធីកម្សាន្តក៏នៅមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់