សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ពង្រឹងធនធានគ្រូបង្វឹកកម្រិតបឋម

នូ មករា October 2, 2018


ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែតុលាម្សិលមិញនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបឋមដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ ក្នុងនោះមាន១០នាក់ជានារី ដោយប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡា  ។ តាមការគ្រោងទុកវគ្គនេះនឹងបញ្ចប់នៅថ្ងៃទី៦ ខែតុលា ។ លោក គុជ វណ្ណៈ ដែលជាអគ្គលេខាធិការរងរបស់សព័ន្ធបានឲ្យដឹងថា សិក្ខាកាមដែលចូលរួមរៀនវគ្គគ្រូបឋមនេះមានមកពីក្លិបកងទ័ពពិសេសឆ័ត្រយោង៩១១-អង្គភាព ប្រឆាំងអំពើរភេរវកម្ម-ក្លិបអង្គភាពការពារទ័ពអាកាស និងក្លិប PPSC ។ នេះគឺជាវគ្គដំបូងមួយដែលឧទ្ទេសនាមដោយលោកគ្រូជនជាតិអាល្លឺម៉ង់គឺ លោក Thomas Bavet ។

តាមការឲ្យដឹងថា វគ្គនេះនឹងសិក្សាលម្អិតទៅលើទ្រឹស្ដី ស្វែងយល់ពីច្បាប់ប្រកួត តួនាទីគ្រូបង្វឹក តួនាទីគ្រូមុន និងក្រោយពេល ប្រកួត ព្រមទាំងអនុវត្តន៍កាយវិការជាមួយកាំភ្លើងគ្មានគ្រាប់ ។ លោក ម៉ិល កាដូ អគ្គនាយករងកីឡាដែលបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសបើកការវគ្គសិក្សានោះបានប្រាប់ទៅសិក្ខាកាមថា គ្រូបង្វឹករូបនេះមានប្រវត្តិជាមួយកីឡាបាញ់កាំភ្លើងនេះមិនតិចជាង ៤០ឆ្នាំនោះទេ ។ លោកអះអាងថា រូបលោកផ្ទាល់ធ្លាប់ធ្វើការជាមួយគ្រូជនជាតិអាល្លឺម៉ង់រូបនេះមិនតិចជាង ២៥ឆ្នាំនោះទេ ។

លោកអគ្គនាយករងកីឡាបានបន្តថា កីឡាបាញ់កាំភ្លើងត្រូវតែមានវិន័យខ្ពស់កាំភ្លើងគឺងាយ រហ័ស និងលឿន ហេតុនេះកីឡាករត្រូវតែប្រុងប្រយ័ត្ន ។ កាំភ្លើងទោះបីដាក់ចោលក៏ដោយក៏មិនត្រូវដើរពីមុខវាដែរ កាណុងកាំភ្លើងត្រូវ តែបែរឆ្ពោះទៅផ្ទាំងស៊ីបមិនតម្រង់មករកមនុស្សនោះទេ ។ សូមបញ្ជាក់ថា នៅក្នុងពិធីបើកវគ្គនោះក្រៅពីលោកម៉ិល កាដូ មានលោកចាង យុងហ្វេង ដែលជាអគ្គលេខាធិការររបស់សហព័ន្ធ និង លោក បឹង គឹមតោ ប្រធានស្ដីទីនាយកដ្ឋានអប់រំកាយ និងកីឡា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់