អត្តពលិកកម្ពុជា ៣ ប្រភេទកីឡាចេញទៅប្រកួតយុវជន​អូឡាំពិកនៅអាហ្សង់ទីនយប់មិញ

នូ មករា October 2, 2018


ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍ប្រកួតយុវជនអូឡាំពិក នៅ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ពោលគឺថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នោះ ក្រុមកម្ពុជាកំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងលើប្រភេទកីឡាចំនួន ៣ ដែលគណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានផ្តល់​សិទ្ធិ​អនុគ្រោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួតដូចជា ហែលទឹក ចំបាប់ និងកីឡាវាយសី ខណៈដែលប្រភេទកីឡាតេក្វាន់ដូមិនទាន់ច្បាស់ការណ៍នៅឡើយទេ ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាលោក វ៉ា​ត់ ចំរើន បានឱ្យដឹងថា៖ «ការទទួលបាន​សិទ្ធិ​អនុគ្រោះ​ទៅ​ចូលរួម​ការ​ប្រកួត​យុវជន​អូឡាំពិក ចំនួន ៣ ប្រភេទកីឡា​នេះ វា​ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​ការ​បាន​ទៅ​ប្រកួត​តាមរយៈ​សិទ្ធិ​អនុគ្រោះ​នេះ វា​បង្ហាញ​ថា យើង​មិន​ទាន់​ល្អ​ទេ ដោយ​សារ​យើង មិន​បាន​ជាប់​ក្នុង​ការ​ប្រកួត​ជម្រុះ​យុវជន​អូឡាំពិក​នេះហើយ​ការ​ប្រកួត​ជម្រុះ​នេះ​ភាគ​ច្រើន យើង​ងាយ​ទេ តែ​សំខាន់​យើង​មិន​សូវ​បាន​បញ្ជូន​អត្តពលិក​របស់​យើង​ទៅ​ប្រកួត​ជម្រុះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ផែនការ​ចំណាយ​របស់​យើង»។

លោក​បន្តថា៖ «បើ​យើង​បាន​ទៅ​ចូលរួម​ប្រកួត​ជម្រុះ គឺអាច​មាន​ជាប់ និង មាន​ធ្លាក់​ហើយ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​មិន​ទាន់​មាន​គោល​ការណ៍​លើ​ការ​ចេញ​ថវិកា​សម្រាប់​ទៅ​ប្រកួត​ជម្រុះ​នេះ​ទេ ហើយ​យើង​បាន​ធ្វើ​របាយ​ការណ៍​ទៅ​ក្រសួង​ហើយ​ថា កីឡា​ត្រូវ​ទៅ​ប្រកួត​ឲ្យ​បាន​ច្រើន ព្រោះ​បើ​យើង​មិន​បាន​ចេញ​ទៅ​ប្រកួត​ច្រើន គឺ​ការ​ហ្វឹក​ហាត់​ក៏​មិន​សូវ​ឡើង​ដែរ ដោយ​សារ​យើង​មិន​ដឹង​ថា កម្រិត​របស់​យើង​ប៉ុន​ណា និង​កម្រិត​របស់​គេ​ប៉ុនណា»។ គួរបញ្ជាក់ផងដែរថា សម្រាប់ប្រភេទកីឡា​តេក្វាន់ដូ​របស់​កម្ពុជា មួយទៀត គឺ​កំពុង​ស្ថិត​ក្នុង​ការ​វាយ​តម្លៃ​ពី IOC និង​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អន្តរជាតិសិន ៕

អត្ថបទ៖ ប៉ាវឡុង ជីង

 

 

 

មតិយោបល់