ក្រុមកីឡាជនពិការកម្ពុជាចេញដំណើរទៅចូលរួមប្រកួតកីឡា ASIAN Para Games ថ្ងៃនេះ

នូ មករា October 1, 2018


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែតុលានេះ ក្រុមកីឡាជនពិការកម្ពុជាបានចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតកីឡាអាស៊ីសម្រាប់ជនពិការ ។ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានអញ្ជើញជូនដំណើរដល់កីឡាករ-កីឡាការិនីទាំង ៦ ប្រភេទកីឡាដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង ។

លោកស សុខាបានថ្លែងលើកទឹកចិត្តថាទោះបីបងប្អូនកីឡាពីការរូបរាងកាយក៏ពិតមែនតែចិត្តមិនពិការហើយក៏មិនឯកោដែរ ។ ក្នុងឋានៈជាកីឡាតំណាងឲ្យជាតិមួយត្រូវតែប្ដេជ្ញាចិត្តដណ្ដើមយកមេដាយមកជូនជាតិឲ្យបាន ។ លោកបន្តថា នេះជាកិត្តិយសណាស់ដែលជនពិការបានធ្វើជាតំណាងឲ្យប្រទេសមួយចេញទៅចូលរួមប្រកួតកីឡាជនពិការទ្វីបអាស៊ីបែបនេះ ។

កីឡាទាំង ៦ប្រភេទនោះមានអត្តពលកម្មដែលក្នុងនោះអត្តពលកម្មមានវិញ្ញាសារត់៣រូបគឺពិការក្រោមជង្គង់១រូប និងពិការដៃទាំង២ចំនួន២រូប ។ កីឡាករប្រណាំងរទេះចំនួន២រូបគឺកីឡាករ វ៉ាន់ វ៉ុន លេង៣វិញ្ញាសាគឺចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ កីឡាករ ហេង សាវឿន លេង៣វិញ្ញាសាគឺ២០០ម៉ែត្រ ៤០០ម៉ែត្រ និង៨០០ម៉ែត្រ ។ ក្រៅពីនោះមានប្រភេទកីឡាហែលទឹកមាន៤រូបបាញ់ធ្នូមាន៤រូបក្នុងនោះមួយរូបជាកីឡាការិនីប៊ូលលីងចំនួន២រូប បាល់បោះរទេះ១២រូប និង វាយកូនឃ្លីលើតុចំនួន២រូប ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់