អាស៊ីអឺរុប ដណ្ដើមបានមេដាយច្រើនជាងគេក្នុងការកីឡាឧត្តមសិក្សាឆ្នាំនេះ

នូ មករា September 28, 2018


ភ្នំពេញ៖ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសឆ្នាំ២០១៨ ដែលបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៩ ខែកញ្ញាមកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ ។ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង ឮកីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទ និងបំពាក់មេដាយដល់ជ័យលាភី ។

នៅក្នុងឆ្នាំនេះកីឡាចំនួន ៦ប្រភេទត្រូវបានដាក់ឲ្យប្រកួតរួមមានបាល់ទាត់បុរស បាល់ទះបុរស បាល់បោះបុរស-នារី អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ ដោយមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន ២២ និងមានអត្តពលិកចំនួន ៦៨១នាក់ក្នុងនោះកីឡាការិនីចំនួន ៩៤នាក់ចូលរួមប្រកួត ។

ជាលទ្ធផល ការប្រកួតឆ្នាំនេះសាកលវិទ្យាល័យអាស៊ីអឺរុបបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយដណ្ដើមបានមេដាយ សរុបចំនួន ២៥គ្រឿងក្នុងនោះមេដាយមាស ១៦គ្រឿង ប្រាក់ ៦គ្រឿង និងសំរឹទ្ធចំនួន ៣គ្រឿង ។ ចំណែកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាស្ថិតនៅលំដាប់លេខ២ ដោយដណ្ដើមបានមេដាយសរុបចំនួន ១៨គ្រឿង គឺមេដាយមាសចំនួន ៣គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធចំនួន ៧គ្រឿង ។ រីឯវិទ្យាស្ថាន Cam Ed Business School ស្ថិតក្នុងលំដាប់ទី៣ ដោយដណ្ដើមបានមេដាយសរុបចំនួន ១០គ្រឿងគឺមេដាយមាសចំនួន ២គ្រឿង ប្រាក់ចំនួន ២គ្រឿង និងសំរឹទ្ធចំនួន ៦គ្រឿង ។ ចំពោះវិទ្យាស្ថាននានា និងគ្រឹះស្ថានឧត្តមសិក្សានានាដែលដណ្ដើមបានមេដាយមាសមួយគ្រឿងៗនោះមាន វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់