លោក Cassey Barnet ចាយមួយម៉ឺនដុល្លា លើសម្ភារហ្វឹកហាត់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡាចំបាប់

នូ មករា September 28, 2018


ភ្នំពេញ៖ លោក Cassey Barnet ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាដែលគេស្គាល់ជាទូទៅថាជាម្ចាស់វិទ្យាស្ថាន Cam Ed Business School នោះបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកប្រមាណជា ១០.០០០ដុល្លារដើម្បីទិញសម្ភារហ្វឹកហាត់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅអគារហាត់ចំបាប់ក្នុងស្ដាតអូឡាំពិក ។ សម្ភារហ្វឹកហាត់ទាំងនោះគឺជាឧបករណ៍សម្រាប់ហាត់កម្លាំង ហាត់បង្កើនសាច់ដុំ ព្រោះកីឡាចំបាប់ត្រូវការកម្លាំងគ្រប់ផ្នែកទាំងអស់ដូចជាចង្កេះ ដៃជើង ការលើកទម្ងន់ ព្រោះចំបាប់ត្រូវការបោកត្រូវការការពារកុំឲ្យគូប្រកួតអាចបោកបាន ។

ចំពោះការកែលម្អហេដ្ឋារចនាសម្ព័ន្ធវិញនោះគឺជួសជុលបន្ទប់ទឹ់ក កន្លែងចម្អិនអាហារ កន្លែងបរិភោគអាហារ កន្លែងដេក ការធ្វើគ្រែបន្ថែមដើម្បីឲ្យកាន់តែមានផាសុកភាពជាងមុន ។ លោក Cassey Barnet បានថ្លែងប្រាប់បណ្ដាញសារពត៌មានក្នុងស្រុកថា កីឡាជម្រើសជាតិធំៗបន្ទាប់ពីហាត់ចប់គេត្រឡប់ទៅដេកនៅផ្ទះរៀងៗខ្លួនចំពោះកីឡាថ្នាលគេត្រូវដេកនៅកន្លែងហ្វឹកហាត់ ហេតុនេះគេត្រូវមានរបបហូបចុកត្រឹមត្រូវ កន្លែងដេកសមរម្យដើម្បីលើកទឹកចិត្តពួកគេ និងឲ្យពួកគេសប្បាយចិត្តក្នុងការហាត់ ។

លោកបានបន្តថា ពួកគេជាក្មេងៗដែលជាថ្នាលត្រៀមប្រជែងយកមេដាយឆ្នាំ២០២៣ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។ លោក ធិន វិចិត្រ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងដែរថា មកទល់ពេលនេះលោក Cassey Barnet បានចំណាយលុយផ្ទាល់ខ្លួនរបស់លោកមកជួយចំបាប់អស់មិនតិចជាង ២០០.០០០ដុល្លារឡើយ ដោយលោកបានចំណាយលើការហូបចុករបស់កីឡាករ-កីឡាការិនីថ្នាលគិតទាំងការសិក្សារបស់ពួកគេព្រោះសហព័ន្ធមិនអាចឲ្យគេហាត់ដោយមិនបានទទួលការសិក្សាឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់