អត្តពលិក ៨៧នាក់ចូលរួមប្រកួតហែលទឹកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំនេះ

នូ មករា September 24, 2018


ភ្នំពេញ៖ កីឡាករ-កីឡាការិនីហែលទឹក ៨៧នាក់ដែលក្នុងនោះមានកីឡាករចំនួន៥៧នាក់ និងកីឡាការិនី៣០នាក់មកពីសមាគម-ក្លិបចំនួន៧ បានចូលរួមប្រកួតហែលទឹកដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ដែលធ្វើនៅអាងទឹកស្ដាតអូឡាំពិកពេញមួយព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ។ ការប្រកួតនេះមានចំនួន ១៧វិញ្ញាសាដែលក្នុងនោះក្រៅពីកីឡាករ-កីឡាការិនីជំនាញគឺជាការប្រកួតសម្រាប់យុវជន កុមារាកុមារីវ័យក្មេងៗ និងកីឡាករជនពិការផងដែរ ។

ព្រឹត្តិការណ៍នេះឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយក្លិបសមាគមទាំង៧ដែលចូលរួមប្រកួតនេះមានក្រសួងមហាផ្ទៃ ក្រសួងសាធរណការណ៍និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ក្លិបនាគរាជខេត្តកំពង់ចាម សាលាខេនវីដអន្តរជាតិសិង្ហបូរី ក្លិបមច្ឆានុប និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ នៅក្នុងការប្រកួតនេះគេសង្កេតឃើញថាក្លិបនាគរាជខេត្តកំពង់ចាមដណ្ដើមបានមេដាយមាសច្រើនជាងគេ គឺមេដាយមាស ៥គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ចំណែកក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាស ៤គ្រឿងមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង ។ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន មេដាយមាស ៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ២គ្រឿង និងសាលាខេនវីដអន្តរជាតិសិង្ហបូរីមានមេដាយមាស ៣គ្រឿង ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអញ្ជើញចូលរួម និងបំពាក់មេដាយដល់ជ័យលាភី ។ លោកឧត្តមសេនីយ៍បានអះអាងថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយដែលអ្នកចូលរួមទាំងអស់ទោះបីមិនដណ្ដើមបានមេដាយក៏លោកត្រូវតែឧបត្ថម្ភថវិកាខ្លះជាការលើកទឹកចិត្តដល់ពួកគេដើម្បីឲ្យគេមកចូលរួមនៅក្នុងការប្រកួតលើកក្រោយៗទៀត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់