ស សុខា៖ ឈ្នះ ឬ ចាញ់មិនត្រូវបោះបង់ចោលការប្រកួត ឬឈប់លេងកីឡាឡើយ!

នូ មករា September 21, 2018


ភ្នំពេញ៖​ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសទូទាំងប្រទេសឆ្នាំ២០១៨បានចាប់ផ្ដើមបើកជាផ្លូវការហើយនាល្ងាចថ្ងៃទី២០ ខែកញ្ញាម្សិលមិញនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ ជាមួយគ្នានេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងលោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការប្រកួតកីឡានិស្សិតប្រចាំឆ្នាំនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំនេះមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២គ្រឹះស្ថានបានបញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតដែលក្នុងនោះមានគ្រឹះស្ថានចំនួន ៨មកពីបណ្ដាខេត្តនានា ក្នុងនោះមានកីឡាចំនួន ៦ប្រភេទត្រូវបានដាក់ឲ្យប្រកួតដែលក្នុងនោះមានប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្ត ពលកម្ម ប៉េតង់និង កីឡាវាយកូនឃ្លីលើតុ ។

លោកស សុខាបានធ្វើការកត់សម្គាល់ថារយៈពេល ៥ ឆ្នាំចុងក្រោយនេះកីឡានៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយកម្ពុជាមិនត្រឹមតែដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប៉ុណ្ណោះទេប៉ុន្តែបានឈ្នះកម្រិតទ្វីបអាស៊ី និងពិភពលោកទៀតផង ។ ជាមួយនឹងការប្រកាសបើកការប្រកួតប្រចាំឆ្នាំនោះលោករដ្ឋលេខាធិការក៏បានសំណូមពរឲ្យអត្តពលិកទាំងអស់មានការអធ្យាស្រ័យចំពោះអាជ្ញាកណ្ដាល ចៅក្រមរាល់កំហុសដោយអចេតនាដែលបានកើតឡើង ។

លោកបានមានប្រសាសន៍ថាទោះបីចាញ់ឬឈ្នះក្នុងការប្រកួតមិនត្រូវបោះបង់និងឈប់លេងកីឡាឡើយគឺត្រូវចេះអាធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមជាកីឡាកររបស់កម្ពុជាពីព្រោះការលេងកីឡាមានសារប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យក្នុងការទទួលបាននូវសុខភាពល្អទំាងផ្លូវកាយផ្លូវចិត្តនិងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់