អបអរសាទរ! ស្រួង ភាវី ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតស្នូកឃ័រពិភពលោក!

នូ មករា September 21, 2018


ទួគី៖ នៅទីបំផុតកីឡាការិនី ស្រួង ភាវី របស់កម្ពុជា បានបញ្ចប់បេសកកម្មនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស្នូកឃ័រជើងឯកពិភពលោកហើយដោយទទួលបានមេដាយសំរឹទ្ធមួយគ្រឿងស្ទួនជាមួយកីឡាការិនីម្ចាស់ផ្ទះទួកគីក្រោយរងបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាកាលពីល្ងាចម្សិលមិញ ។

នៅក្នុងព្រឹត្តិការណ៍ 3-Cushion-World Championship Ladies លើកទី៨ នៅទីក្រុង Izmir ប្រទេសតួកគីហើយនេះ ស្រួង ភាវី បានឆ្លងកាត់ការប្រកួតចំនួន ៥ប្រកួតក្នុងនោះនៅវគ្គជម្រុះក្នុងពូលបានយកឈ្នះ ៣ប្រកួតជាប់គ្នាដោយផ្តួលកីឡាការិនីជប៉ុន ២៥-២៤ពិន្ទុ រួចបន្តឈ្នះកីឡាការិនីអាល្លឺម៉ង់ ២៥-១១ពិន្ទុ និងឈ្នះកីឡាការិនីដាណឺម៉ាក ២៥-៧ពិន្ទុ មុននឹងឈ្នះកីឡាការិនីកូឡុំប៊ីក្នុងវគ្គ ៨នាក់ចុងក្រោយដោយលទ្ធផល ៣០-១៦ពិន្ទុ ។ ប៉ុន្ដែគួរឲ្យស្ដាយដោយរូបគេបានបរាជ័យក្រោមថ្វីដៃកីឡាការិនីជប៉ុន Orie HIDA វិញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនាំឲ្យនាងទទួលបានត្រឹមមេដាយសំរឹទ្ធ ។

គួររំលឹកថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានជើងឯក និងជើងឯករងជាង ៣០គ្រឿងនៅប្រទេសកូរ៉េខាងត្បូង ពិសេសកីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំនេះក៏ធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥ ទៀតផង ៕

អត្ថបទ៖ មករា

មតិយោបល់