កីឡារាំបង្កើនការហ្វឹកហាត់ត្រៀមសុីហ្គេមឆ្នាំក្រោយបន្ទាប់ពីឈ្នះមេដាយ ៦គ្រឿងនៅហុងកុង

នូ មករា September 20, 2018


ភ្នំពេញ៖ លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានប្រកាសថា កីឡារាំនឹងបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។ សូមបញ្ជាក់ថា កីឡាករ-កីឡាការិនីរាំកម្ពុជាដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ី ADSF Asian Single Dance Championship និង Hong Kong Open 2018 នៅទីក្រុងហុងកុងនោះបានត្រឡប់មកដល់ប្រទេកម្ពុជាវិញកាលពីកណ្ដាលអាធ្រាតថ្ងៃទី១៧ ខែកញ្ញានេះដោយនាំយកនូវមេដាយចំនួន ៦គ្រឿងរួមមាន មេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង ។

សម្រាប់ស៊ីហ្គេមនាឆ្នាំក្រោយនេះសហព័ន្ធកីឡារាំនឹងបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដោយសព្វថ្ងៃនេះកីឡារាំកម្ពុជានៅស្ទើរកម្លាំង និងបច្ចេកទេសខ្លះៗ ហេតុនេះអ្វីៗត្រូវតែបង្កើនការហ្វឹកហាត់ទាំងបច្ចេកទេស និងកម្លាំង ពោលគឺបច្ចុប្បន្នក្នុងមួយថ្ងៃកីឡាករ-កីឡាការិនីរាំហ្វឹកហាត់ពី៦ ទៅ៨ម៉ោង ជាមួយគ្រូបរទេស និងគ្រូខ្មែរដែលមានជំនាញ ក៏ដូចជាបទពិសោធន៍ខ្ពស់ ។

អ្នកស្រី ហង់ ស៊ីមន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាទទួលស្គាល់ថា ការហ្វឹកហាត់គឺនៅក្នុងស្រុកមែនប៉ុន្តែពួកគេហាត់ជាមួយគ្រូបរទេស ហេតុនេះសមត្ថភាពរបស់ពួកគេមិនចាញ់អ្នកហ្វឹកហាត់នៅក្រៅប្រទេសនោះទេ ។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលកីឡារាំកម្ពុជាដណ្ដើមបានមេដាយពីការប្រកួតកម្រិតអាស៊ីបែបនេះ ទោះបីការចេញទៅប្រកួតលើកនេះមានតែកីឡាករមួយរូប និងកីឡាការិនីមួយរូបជាអ្នកមានបទពិសោធន៍ខ្ពស់ ចំណែកឯ ៧ រូបទៀតជាកីឡាករ-កីឡាការិនីថ្មីក៏ពិតមែន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់