ប្លែកភ្នែក! ថៃ សង់គន្លងផ្លូវហាត់ប្រាណក្នុងអគារទំនើបកណ្តាលក្រុងបាងកក!

នូ មករា September 20, 2018


ថៃ៖ ដើម្បីដោះស្រាយបញ្ហាបម្រើបម្រាស់ដីធ្លី ក៏ដូចជាបញ្ហាកកស្ទះចរាចរណ៍ដែលនាំឲ្យខាតបង់ពេលវេលានោះ អាជ្ញាធរក្រុងបាងកកបានកសាងឡើងនូវទីកន្លែងហាត់ប្រាណថ្មីមួយនៅក្នុងអាគារ Ratthaprasasanabhakti Building (Building B) ដែលស្ថិតនៅតាមបណ្តោយផ្លូវ Chaeng Wattana  ដើម្បីផ្តល់ជូនប្រជាជនអាចចូលរួមហាត់កីឡាដោយឥតគិតថ្លៃនៅជាន់ទី៤ ក្នងអគារដ៏ទំនើប និងមានបំពាក់ដោយមាសុីនត្រជាក់រួមទាំងពុំចាំបាច់បារម្ភពីការរំខានដោយទឹកភ្លៀងដូចការហាត់ប្រាណនៅតាមដងផ្លូវ ឬទីសាធារណ:នោះទេ ។

ផ្លូវរត់ហាត់ប្រាណដែលមានឈ្មោះថា Sky Running Road ត្រូវបានសាងឡើងដោយចំណាយអស់ថវិកាប្រមាណជាជាង ៤លានបាត និងមានប្រវែងផ្លូវ ៤១២ម៉ែត្រ ហើយមានបើកបម្រើជូនសាធារណជនប្រើប្រាស់ជារៀងរាល់ថ្ងៃ ដោយពួកគេថែមទាំងអាចតាមដានពីចម្ងាយដែលពួកគេបានរត់ ឬដើរ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Sky Running (phone application) តែម្តង ។

គន្លងផ្លូវនេះមានបែងចែកជា ៣ផ្នែកគឺសម្រាប់អ្នកថ្មើរជើង  អ្នកចូលចិត្តរត់ត្រឹកៗ និងសម្រាប់អ្នករត់ល្បឿនលឿនផងដែរ ។ គម្រោងនេះត្រូវបានស្ថាបនាឡើងដើម្បីជាផ្នែកមួយនៃគោលនយោបាយសុខុមាលភាពសាធារណ:ដោយជួយសម្រួល ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាជនទូទៅឲ្យបានហាត់កីឡាកាន់តែច្រើន និងមិនចាំបាច់ហាត់នៅតាមទីដងផ្លូវ ឬទីសាធារណ:នោះទេ ជាពិសេសវាក៏បានកាត់បន្ថយផលវិបាកនៃការចំណាយពេលរង់ចាំ ឬប្រឈមនឹងការកកស្ទះចរាចរណ៍ក្រោយម៉ោងការងារ (ឬម៉ោងមមាញឹកដែលប្រជាជនសម្រុកធ្វើដំណើរតាមផ្លូវ) ហើយបង្វែរមកធ្វើការហាត់កីឡាដើម្បីសុខភាពវិញ ៕


អត្ថបទ៖ មករា

មតិយោបល់