អុកចត្រង្គ ចាប់ផ្ដើមប្រកួតចម្រាញ់រកអ្នកខ្លាំងត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ!

នូ មករា September 20, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានចាប់ផ្ដើមធ្វើការប្រកួតជម្រុះរបស់ខ្លួនរយៈពេល ១៥សប្តាហ៍ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពសម្រាប់មកចូលរួមប្រកួតដណ្ដើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈដែលការប្រកួតជម្រុះនេះបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ និងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យនៅតាមក្លឹបមួយចំនួននៅរាជធានីភ្នំពេញ ហើយគ្រោងបញ្ចប់នាថ្ងៃ៣០ ខែធ្នូ ខាងមុខនេះ ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ « NOCC គាំទ្រឲ្យមានការប្រកួតថ្នាក់ជាតិឲ្យបានច្រើន ព្រមទាំងជម្រើសអ្នកឆ្នើមដើម្បីបំប៉នឲ្យក្លាយជាគ្រូបង្វឹកមួយចំនួនដើម្បីទៅបង្ហាត់នៅប្រទេសនានាក្នុងអាស៊ាន ព្រោះប្រភេទកីឡាមួយនេះអាចដាក់ឲ្យប្រកួតក្នុងស៊ីហ្គេមបាន លុះត្រាតែមានការចូលរួមចាប់ពី ៤ ប្រទេសឡើងទៅទើបស្របតាមច្បាប់កីឡា និងមានចំណាត់ថ្នាក់សម្រាប់មេដាយបាន» ។

ជាមួយគ្នានេះដែរ លោក ឈាវ បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក៏បានឱ្យដឹងដែរថា៖ «ការប្រកួតលីគអុកចត្រង្គ ឆ្នាំ២០១៨ នេះមានក្លឹបកីឡាអុកចត្រង្គចំនួន ៦បានចូលរួម ចំណែកក្លិប ៦ទៀតដែលបានចុះឈ្មោះទទួលស្គាល់ដោយសហព័ន្ធរួចហើយ នៅឯខេត្តឆ្ងាយៗមិនបានចូលរួមទេ ព្រោះការទ្រទ្រង់កម្មវិធីប្រកួតមានថវិកាកំណត់ ។ តាមរូបមន្តនៃការប្រកួតលីគអុកចត្រង្គនេះ គឺក្នុងក្លឹបនីមួយៗមានកីឡាករ ៣ នាក់ចូលរួមដោយត្រូវប្រកួតជម្រុះវិលជុំសន្សំពិន្ទុ ហើយកំណត់ចំណាត់ថ្នាក់តាមក្លឹប ។ ក្លិបចូលរួមទាំង ៦ នឹងត្រូវប្រកួតប្រជែងគ្នាលើវិញ្ញាសាឯកត្តជន ១ ទល់ ១ និងប្រកួតជាក្រុម ៣ នាក់ទល់ ៣ នាក់ រួចបូកសរុបលទ្ធផល កំណត់ចំណាត់ថ្នាក់តែម្តង ចំណែកឯការប្រកួតថ្ងៃដំបូង គឺបានចាប់ផ្តើមពីក្លឹបសេះខៀវ ដែលមានទីតាំងនៅជិតបុរីកីឡា ។

ចំពោះប្រាក់រង្វាន់វិញ សម្រាប់ក្រុមឬក្លឹបទទួលបានលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,៣ លានរៀល លេខ២ បាន ៧០ ម៉ឺនរៀល និងលេខ៣ បាន ៤០ ម៉ឺនរៀល ប៉ុន្តែប្រាក់រង្វាន់នេះមិនទាន់គិតពីប្រាក់ឧបត្ថម្ភរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលកំពុងតែស្វះស្វែងរកការឧបត្ថម្ភនោះទេ ។ គួរបញ្ជាក់ផងដែរថា រូបមន្តប្រកួតលីគអុកចត្រង្គជាលើកទី១ នេះស្រដៀងទៅនឹងលីគបាល់ទាត់ដែរ ហើយក្លឹបកីឡាអុកចត្រង្គទាំង ៦ ដែលបានចូលរួមក្នុងការប្រកួតនេះ មានក្លឹបសេះខៀវ, ប៊ូឌីង, អង្គរ, ទូកខ្មៅ, អស្សរិទ្ធ និងក្លឹបស្តេចតោ ដែលសុទ្ធតែមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់