អាងហែលទឹកស្ដាតអូឡាំពិកនឹងត្រូវជួសជុលជាថ្មីឡើងវិញដោយគ្រោងចាយជាង ១លានដុល្លារ!

នូ មករា September 20, 2018


ភ្នំពេញ៖ ប្រសិនបើមិនមានការប្រែប្រួលទេនោះនៅដើមខែ ឬពាក់កណ្ដាលខែតុលាឆ្នាំ២០១៨ នេះ អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនឹងត្រូវជួសជុលជាថ្មីឡើងវិញ ។ បើតាមការឲ្យដឹងពី លោក ហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការជួសជុលនេះគឺ លោក ទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុលដែលជាប្រធានសហព័ន្ធជាអ្នកស្វះស្វែងរកថវិកាដោយខ្លួនឯងតែម្ដង ។

សូមបញ្ជាក់ថា អាងហែលទឹកនេះស្ថាបនាឡើងក្នុងទសវត្សឆ្នាំ១៩៦០ ដែលមកទល់ពេលនេះវាលែងស្ថិតក្នុងលំដាប់ស្ដង់ដារទៅហើយ ។ អាងហែលទឹកនេះមានកន្លែងសម្រាប់ប្រកួតហែល និងកន្លែងសម្រាប់លោតទឹកហើយដើម្បីធ្វើវាឲ្យត្រឹមត្រូវតាមស្ដង់ដាសាកលដូចយុគសម័យនេះគឺមានផ្នែកជាច្រើនត្រូវវាយចោលធ្វើជាថ្មីតែម្តង ។ លោកអគ្គលេខាបានបញ្ជាក់ថា ទំហំុអាងចាស់គឺទទឹង ២០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ ហើយនៅពេលជួសជុលជាថ្មីឲ្យត្រឹមត្រូវតាមស្ដង់ដារដែលមានបំពាក់ប្រព័ន្ធពេលវេលាស្វ័យប្រវត្តិនោះអាងត្រូវពង្រីកទំហុំទទឹង២៥ម៉ែត្រ និងបណ្ដោយនៅរក្សា៥០ម៉ែត្រដដែល ហេតុនេះគ្រឹះត្រូវធ្វើជាថ្មីឡើងវិញ ។

ចំពោះអាងសម្រាប់លោតដែលមានទំហុំចាស់ ២០ម៉ែត្រគុណ២០ម៉ែត្រនោះទំហុំថ្មីត្រូវតែពង្រីកដល់ ២៥ម៉ែត្រគុណ ២១ម៉ែត្រ ដោយការពង្រីកបែបនេះវាប៉ះពាល់ទាំងស្រុងដល់កន្លែងសម្រាប់លោត ហេតុនេះកន្លែងសម្រាប់លោតត្រូវតែវាយចោលហើយធ្វើជាថ្មីឡើងវិញទាំងអស់ ។ ជាមួយគ្នានេះក៏ត្រូវជួសជុលអគារដែលក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅហូបចុករបស់កីឡាករ-កីឡាការិនីផងដែរ ។ លោក ហែម គីរី បានចាត់ទុកថានេះជាការជួសជុលក្នុងទ្រង់ទ្រាយធំមួយដែលពុំធ្លាប់ធ្វើពីមុនមក ដោយការជួសជុលនេះទំនងជាអស់ជាងមួយលានដុល្លារឯណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់