សាធារណជននឹងអាចចូលទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោបានក្នុងពេលឆាប់ៗនេះ

នូ មករា September 19, 2018


ភ្នំពេញ៖ បន្ទាប់ពីបានចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីចុងសប្ដាហ៍មុនកន្លងទៅនោះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសគម្រោងរៀបចំដំណើរទស្សនកិច្ចប្រចាំខែដល់និស្សិត និងសាធារណជននានាបានចូលទស្សនានូវគម្រោងដ៏អស្ចារ្យនៃពហុកីឡដ្ឋានសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នេះខាងមុខនេះ ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោបានបែងចែកការសាងសង់ជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅឡើយដំណាក់កាលទី២ ដែលកំពុងដំណើរការសាងសង់ គឺកីឡដ្ឋានធំ ដែលអាចផ្ទុយអ្នកទស្សនាបានប្រមាណ ៦០,០០០នាក់ និងមានច្រកជម្លៀសអ្នកគាំទ្រពេលមានអាសន្នក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ ។

កីឡដ្ឋាននេះមានតម្លៃប្រមាណ ១៥៧លានដុល្លារដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិនហើយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០ បន្ទាប់មកទើបបន្ដការសាងសង់ដំណាក់កាលទី៣ នូវទីលានមួយចំនួនទៀត ។ លោកបានបន្តថា លោកចង់ឲ្យនិស្សិត និងសាធារណជនបានស្វែងយល់ពីដំណើរការសាងសង់ ការអភិវឌ្ឍ និងសមិទ្ធផលនានា ក្នុងពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិមួយនេះ ព្រោះវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបំផុសចលនាអូឡាំពិក ការចូលរួមលេងកីឡា និងគាំទ្រវិស័យកីឡាជាតិកាន់តែច្រើនមុនស៊ីហ្គេម ឆ្នាំ២០២៣ចូលមកដល់ ៕

ប៉ាវឡុង ជីង

មតិយោបល់