អបអរសាទរ! កីឡារាំកម្ពុជាឈ្នះមេដាយ ៥គ្រឿងពីការប្រកួតកម្រិតអាសុីនៅទីក្រុងហុងកុង!

នូ មករា September 17, 2018


ភ្នំពេញ៖ កីឡាករ-កីឡាការីនីកីឡារាំកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ក្នុងការប្រកួត ADSF Asain DanceSport Championship និង Open Hong Kong នៅទីក្រុងហុងកុងដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ។

បើតាមការឲ្យដឹងពីអ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញាព្រាប ដានីអែលឡា (រាំគូ) ទទួលបានមេដាយមាសនៃការប្រកួតវិញ្ញាសា Hong Kong Open Latin 5 ដែលមាន ៩ប្រទេសចូលរួម ។ ចំពោះការប្រកួត ADSF Asain Championship ចង្វាក់ Cha Cha Cha ទទួលមេដាយសំរឹទ្ធក្នុងចំណោមប្រទេសដែលចូលរួមគឺ ចិន , ចិនតៃវ៉ាន់, ហុងកុង, ជប៉ុន គៀរគីស្ថាន, ម៉ាកាវ, កាហ្សាក់ស្ថាន កូរ៉េខាងត្បូង, ម៉ុងហ្គោលី , ហ្វីលីពីន, សិង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម,កម្ពុជា ។

អ្នកស្រីបានបន្តថាចំពោះការប្រកួតADSF Asain Championship ទៀតគឺចង្វាក់ Rumba កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១៣ប្រទេស និងចង្វាក់ Paso Doble ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ១៦ប្រទេស ។ ក្នុងការប្រកួត Asain Hong Kong Open ឆ្នាំ២០១៨ វិញ្ញាសារាំគូវិញ កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតវិញ្ញាសា ចង្វាក់ Cha Cha Cha, Jive បានទទួលមេដាយសំរឹទ្ធ ។

អ្នកស្រីអគ្គលេខាធិការបានបន្ថែមទៀតថា កីឡាករ ភុន ស៊ីបុត្រា និង កីឡាការិនី សាន រ៉ូហ្សា ដែលប្រកួតវិញ្ញាសា Cha Cha Cha និង Rumba បានទទួលចំណាត់ថ្នាក់លេខ៥ ចំណែកវិញ្ញាសារាំឯកត្តជន កីឡាករ សេង សុគីម ចង្វាក់ Cha Cha Chaបានទទួលមេដាយប្រាក់ក្នុងចំណោម ៤ប្រទេស និងចង្វាក់ Rumba ទទួលបានមេដាយសំរឹទ្ធិក្នុងចំណោម ៤ប្រទេសដូចគ្នា ។ ចំពោះកីឡាការីនី យី អ៊ីនលីង ដែលរាំចង្វាក់ Cha Cha Cha, Rumba Jive បានទទួលចំណាត់ថ្នាក់លេខ ៥ ដែរ ស្របពេលដែលកីឡាការីនី ហ៑ាន លក្សី ដែលប្រកួតចង្វាក់ Rumba បានទទួលចំណាត់ថ្នាក់លេខ៦ និងចង្វាក់ Jiveបានចំណាត់ថ្នាក់លេខ ៩ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់