គ្រឹះស្ថានឧត្តមសិក្សាចំនួន ២២ចូលរួមប្រកួតកីឡានិស្សិតជើងឯកជាតិឆ្នាំ២០១៨ នេះ

នូ មករា September 14, 2018


ភ្នំពេញ៖ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និង មធ្យមសិក្សាបច្ចេកទេសជើងឯកជាតិឆ្នាំ២០១៨ នេះមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន ២២ចូលរួម ។ នេះបើតាមការឲ្យដឹងពី លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ដែលបានថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ។ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំង ២២នេះមាន ៨គ្រឹះស្ថានមកពីបណ្តាខេត្តនានា ក្នុងនោះ ៦ប្រភេទកីឡាត្រូវបានដាក់ឲ្យប្រកួតដូចឆ្នាំមុនៗដែរ ។

សូមបញ្ជាក់ថា កីឡាទាំង៦ប្រភេទនោះមានបាល់ទាត់បុរស ដែលមាន១៤ក្រុម ដោយត្រូវប្រើប្រាស់ទីលានចំនួន ៤ដើម្បីប្រកួត ។ បាល់ទះមាន៤ក្រុមហើយត្រូវប្រើទីលានចំនួន ៣ដើម្បី ចំណែកបាល់បោះបុរសមាន ៥ក្រុម និងបាល់បោះនារីមាន៤ក្រុមដែលប្រភេទកីឡានេះត្រូវប្រើប្រាស់ទីលានចំនួន ៣ដើម្បីប្រកួត ។ ចំពោះប្រភេទកីឡាអត្តពលកម្មមាន១៥ក្រុមក្នុងនោះមាននារីចំនួន៧ក្រុម ដោយមរកួតនៅពហុកីឡាដ្ឋានជាតិ រីឯប៉េតង់ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិដែរនោះមាន ៦ក្រុម និងវាយកូនឃ្លីលើតុមាន៨ ក្រុម ។ សម្រាប់់ចំនួនអត្តពលិកដែលចូលរួមមាន ៦៩៩នាក់ក្នុងនោះនារីចំនួន ៩៤នាក់ ។

សម្រាប់កីឡាករ-កីឡាការិនីដែលមកពីបណ្ដាខេត្តនានានោះនឹងត្រូវសម្រាក និងហូបចុកនៅសណ្ឋាគារផ្កាឈូកទិព្វ ចំណែកអ្នកនៅភ្នំពេញគឺដោះស្រាយឲ្យតែការហូបចុកប៉ុណ្ណោះ រីឯការស្នាក់នៅគឺនៅតាមផ្ទះរៀងៗខ្លួន ។ សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ និងបញ្ចប់នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខ ។  ព្រឹត្តិការណ៍នេះ បានទទួលការឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈ Sponsor ដូចបណ្ដាឆ្នាំមុនៗដែរ ៕

អត្ថបទ៖  វ៉ាន្នី

 

មតិយោបល់