ហែលទឹកដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ នឹងប្រារព្ធធ្វើចុងខែនេះ

នូ មករា September 13, 2018


ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាលើកទី៥ ។ ការប្រកួតនឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះដោយប្រកួតនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតនេះត្រូវបានបែងចែកតាមកម្រិតអាយុរបស់កីឡាករ-កីឡាការិនីចំនួន ៥កម្រិតពោលគឺកម្រិតទី១ កុមារា-កុមារីដែលមានអាយុក្រោម៨ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី២កុមារាកុមារីដែលមានអាយុក្រោម១២ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី៣ កុមារា-កុមារីដែលមានអាយុក្រោម១៨ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី៤ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងកម្រិតទី៥ ក្រុមឡាករ-កីឡាការិនីជនពិការ ។ ចំណែកកីឡាករ-កីឡាការិនី ម្នាក់ៗអាចមានសិទ្ធិប្រកួតបាន ចំនួន២វិញ្ញាសា ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា នេះជាការប្រកួតដែលឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោម ស ខេង ហើយសម្រាប់អ្នកដែលមិនមានចំណាត់ថ្នាក់ក៏សម្តេចមានរង្វាន់ដើម្បីលើកទឹកចិត្តដល់ពួកគេដែរ ។ លោកបានបន្ថែមថា ទោះបីរង្វាន់នោះមិនច្រើន ប៉ុន្តែវាជាការលើកទឹកចិត្តដើម្បីឲ្យពួកគេប្រឹងប្រែង និងមានទឹកចិត្តចូលរួមប្រកួតលើកក្រោយៗទៀត ៕

អត្ថបទ៖  វ៉ាន្នី

 

 

 

មតិយោបល់