អត្តពលិកហែលទឹកកម្ពុជា ២១រូបទៅហ្វឹកហាត់ និងស្វែងយល់វប្បធម៌នៅជប៉ុនមួយសប្តាហ៍

នូ មករា September 12, 2018


​ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសឲ្យដឹងថានៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះសហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួនចំនួន២១រូបទៅហ្វឹកហាត់ ក៏ដូចជាស្វែងយល់ពីវប្បធម៌នៅប្រទេសជប៉ុនរយៈពេលមួយសប្ដាហ៍ ។ ​លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនីចំនួន២១រូបទៅហ្វឹកហាត់នៅទីក្រុងតូក្យូ និងទីក្រុងមួយចំនួនទៀតរបស់ជប៉ុនដើម្បីដកស្រង់បច្ចេកទេស ព្រមទាំងស្វែងយល់ពីវប្បធម៌ និង ពីរបៀបរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅមក ។

 

​ការចេញទៅប្រទេសជប៉ុននេះធ្វើឡើងតាមការអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាតាមការស្នើសុំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផ្ទាល់តែម្តង ។ លោក នាង សុរិទ្ធិយ៉ា ដែលជាអគ្គលេខាធិការរងគឺជាប្រធានប្រតិភូសម្រាប់ការចេញទៅហាត់នៅជប៉ុនរយៈពេលមួយសប្ដាហ៍នេះ ។ ជាមួយគ្នានេះក៏មានការអមដំណើរដោយគ្រូបង្វឹកជនជាតិកម្ពុជាមួយរូប និងជប៉ុនមួយរូបផងដែរ ។

ចំពោះអត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅដោយពួកគេត្រូវហ្វឹកហាត់រួមគ្នាជាមួយកីឡាករ-កីឡាការិនីវ័យក្មេងៗរបស់ជប៉ុន ។ យ៉ាងណាក៏ដោយ ពួកគេទាំង ២១រូបនឹងមិនស្នាក់នៅតាមសណ្ឋាគារឡើយ ដោយត្រូវស្នាក់នៅជាមួយគ្រួសារជប៉ុនផ្ទាល់ដើម្បីងាយស្រួលក្នុងការស្វែងយល់ពីវប្បធម៌ និងរបៀបរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅមក ។កីឡាការិនី ហែម ថុន វិទិនី នឹងបំពេញតួនាទីជាជាប្រធានក្រុមសម្របសម្រួលរបស់ពួកគេនៅក្នុងការរស់នៅប្រទេសជប៉ុនរយៈពេលមួយអាទិត្យនេះ ។ សូមបញ្ជាក់ថា ​លោកប្រធានសហព័ន្ធ ស៊ុន ចាន់ថុល ក៏បានឧបត្ថម្ភជាប្រាក់ហោប៉ៅក្នុងម្នាក់ៗចំនួន២០០ដុល្លារសម្រាប់ការចេញទៅហ្វឹកហាត់នេះផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់