អត្តពលិកកីឡារាំកម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍កម្រិតទ្វីបអាសុីនៅហុងកុង

នូ មករា September 11, 2018


ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ ក្រុមកីឡារាំមួយក្រុមរបស់កម្ពុជានឹងចេញដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ចំនួន២នៅទីនោះ ។ អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការកីឡារាំកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ ASIAN Single Dance Championship 2018 ក្នុងនោះសម្រាប់អត្តពលិក ដានីឡា ព្រាប និង វ៉ិកទ័រ ចាន់ ដែលជាដៃគូរាំជាមួយគ្នានឹងចូលរួមប្រកួតផ្លូវការ  ចំណែកកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៧រូបទៀតនឹងចូលរួមប្រកួតក្នុងកម្មវិធីបើកទូលាយ (Open) ។

 

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ហើយបញ្ចប់នៅថ្ងៃទី១៦ ខែកញ្ញា ជាពិសេសនេះជាលើកដំបូងហើយដែលកម្ពុជាបញ្ជូនកីឡារាំទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតទ្វីបអាស៊ីបែបនេះ ។ បើតាមការឲ្យដឹង មានប្រទេសចំនួន ៤៥ក្នុងទ្វីបអាស៊ីបានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។
ចំពោះអ្នកដឹកនាំទៅចូលរួមក្នុងការប្រកួតនេះមាន អ្នកស្រី ស៊ីវ ឡេង ដែលជាអគ្គលេខាធិការរងសហព័ន្ធ និងលោក គ្រូបង្វឹកគឺ លោក ស៊ូ តុង ។ សូមបញ្ជាក់ដែរថា ពេលនេះកីឡារាំកម្ពុជាកំពុងតែគ្រញែងខ្លួនដើម្បីឲ្យគេស្គាល់ហើយបន្ទាប់ពីសហព័ន្ធបានចាប់ផ្ដើមលេចចេញជារូបរាងប៉ុន្មានឆ្នាំមកនោះ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់