បងប្អូនខ្មែរឥស្លាម រាប់រយនាក់នៅក្រចេះស្វាគមន៍ និងអបអរ សាលី អ៊ូមើត ម្ចាស់មេដាយមាសអាសុី

នូ មករា September 7, 2018


ក្រចេះ៖ ប្រជាជនខ្មែរឥស្លាមរាប់រយនាក់បានចូលរួមអបអរសាទរ និងស្វាគមន៍កីឡាករ សាលី អ៊ូមើត ក្នុងពេលដែលម្ចាស់មេដាយមាស និងសំរឹទ្ធកីឡាអាសុីលើប្រភេទកីឡាម៉ូតូទឹករូបនេះបានធ្វើដំណើរទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ជាទីដែលរូបគេបានធំធាត់នោះ (រូបគេកើតនៅខេត្តត្បូងឃ្មុំតែប្តូរទៅរស់នៅខេត្តក្រចេះ) ។

ជាមួយនឹងភាពរីករាយ អ្នកភូមិទាំងចាស់ ទាំងក្មេងបានសម្តែងការសាទរចំពោះ អ៊ូមើត ដែលបាននាំមកនូវកិត្តិយសយ៉ាងធំធេងជូនចំពោះប្រទេសជាតិ ជាពិសេសសម្រាប់សហគមន៍ខ្មែរឥស្លាម ក្នុងនាមជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានឈ្នះមេដាយមាសដល់ទៅ២ ក្នុងការប្រកួតកីឡាអាសុី ។ សាលី អ៊ូមើត បានសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំមានក្ដីសុខខ្លាំងណាស់ដែលបានពូមីងអុំយាយតានឹងប្អូនៗបងៗមកលេងពិតជាមានមោទកភាពខ្លាំណាស់មកគ្នាច្រើនណាស់ប្រហែល ៥០០នាក់ ។ »

សូមបញ្ជាក់ថា កីឡាករ សាលី អ៊ូមើត ដែលជាអត្តពលិកឆ្នើមផ្នែកកីឡាម៉ូតូទឹករបស់កម្ពុជាបានក្តោបក្តាប់មេដាយ ២គ្រឿងតែម្នាក់ឯងពោលគឺមេដាយមាសក្នុងវិញ្ញាសា Ski Modified និងមេដាយសំរឹទ្ធលើវិញ្ញាសា Runabout 1100 Stock នៅក្នុងព្រឹត្តិការណ៍កីឡាអាសុីឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេសុី  ៕

អត្ថបទ៖ មករា

 

មតិយោបល់