ជ័យលាភីមេដាយមាស Asian Games ទទួលបានប្រាក់រង្វាន់បន្ថែមទៀត

នូ មករា September 6, 2018


ភ្នំពេញ: បន្ទាប់ពីប្រឹងប្រែងប្រកួតដណ្ដើមយកមេដាយមាសកីឡាអាស៊ី Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ីកន្លងទៅថ្មីនោះបានធ្វើឱ្យមុខមាត់ប្រទេសកម្ពុជាល្បីខ្លាំងរហូតទៅដល់ឆាកអន្តរជាតិ និងពិភពលោក ខណៈដែលបណ្ដាលក្រុមហ៊ុនឯកជនជាច្រើននៅក្នុងស្រុកបានស្ទុះចូលរួមឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់មេដាយមាសរហូតទៅដល់ខ្ទង់ម៉ឺនដុល្លារក្នុងម្នាក់ ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដត វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនឯកជនទាំងអស់ដែលបានយកចិត្តទុកដាក់ និងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ពិសេសសម្រាប់កីឡាករ-កីឡាការិនីដែលដណ្ដើមបានជ័យលាភីពីលើឆាកអន្ដរជាតិដែលក្រុមហ៊ុនតែងតែឧបត្ថម្ភគាំទ្រ ។

បន្ថែមលើនេះ ឯកឧត្តមរំពឹងថា ក្រុមហ៊ុននឹងបន្ដកិច្ចសហប្រតិបត្តិល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីពួតដៃអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ ។ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាអាស៊ីវីរកីឡាករ-វីរកីឡាការិនីម្ចាស់មេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿងត្រូវបានក្រុមហ៊ុនឯកជនណាហ្គាវើលឧបត្ថម្ភកាលពីម្សិលមិញនេះដោយមេដាយមាស១ទទួលបាន១ម៉ឺនដុល្លារ ចំណែកមេដាយសំរឹទ្ធទទួលបាន ៣ពាន់ដុល្លារ ។

នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិក៏បានចូលរួមឧបត្ថម្ភ ក្នុងទឹកប្រាក់សមរម្យមួយដល់កីឡាករការិនីទាំងពីររូបនេះផងដែរ ។ គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានផ្ដល់ប្រាក់រង្វាន់ជ័យលាភីរបស់រាជរដ្ឋាភិបាលភ្លាមៗ ដោយមេដាយមាស ទទួលបាន ៨០លានរៀល, ប្រាក់៤០លានរៀល និងសំរឹទ្ធ ២៤លានរៀល ខណៈគ្រូបង្វឹកក៏ទទួលបានប្រាក់រង្វាន់ស្មើកូនសិស្សដែលឈ្នះមេដាយខ្ពស់ជាងគេ ។ លើសពីនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេច ដោយមេដាយមាស ទទួលបាន ១ម៉ឺនដុល្លារ, ប្រាក់ ៥ពាន់ដុល្លារ និងសំរឹទ្ធចំនួន ៣ពាន់ដុល្លារផងដែរ ។

សូមបញ្ជាក់ថា ចំពោះសមិទ្ធិផលដណ្ដើមបានពី Asian Games នៅឥណ្ឌូនេស៊ី គឺកម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ឈរលេខរៀងទី២៤ ក្នុងចំណោម ៤៥ប្រទេស ក្នុងនោះកីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹក និងកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ លើប្រភេទកីឡាជឺជិតស៊ូ ៕

ប៉ាវឡុង ជីង

មតិយោបល់