ឥណ្ឌូនេសុី បង្ហាញចេតនាចង់ធ្វើម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣២ 

នូ មករា September 5, 2018


អន្តរជាតិ: ២០១៨ នេះគឺជាឆ្នាំដ៏មមាញឹកសម្រាប់ប្រទេសឥណ្ឌូនេសុីដោយសារថា ដែនដីឥស្លាមដ៏ធំជាងគេនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើនជាបន្តបន្ទាប់ជាក់ស្តែងការប្រកួតបាល់ទាត់ពានរង្វាន់ AFF ទាំងកម្រិតយុវជន និងក្រុមនារីផងដែរ ។ ជាងនេះទៅទៀត ឥណ្ឌូនេសុី ក៏ទទួលបានសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាសុីលើកទី១៨ ដែលជាការប្រកួតកីឡាដ៏ធំប្រចាំទ្វីប ក៏ដូចជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានសហព័ន្ធទ្វីបអាសុី AFC U19 ផងដែរ ។

ជាមួយនឹងទំនុកចិត្តខ្ពស់ ដែនដីកោះមួយនេះបានប្រកាសពីចេតនាចង់ក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោករដូវក្តៅនាឆ្នាំ២០៣២ ថែមទៀតផង ។ លោក  Sheikh Ahmad ប្រធានក្រុមប្រឹក្សាអូឡាំពិកអាសុីបានគាំទ្រចំពោះគម្រោងនេះដោយលោកបានថ្លែងថា ទីក្រុងមួយចំនួននៅក្នុងតំបន់អាស៊ានមានសមត្ថភាពអាចធ្វើជាម្ចាស់ផ្ទះការប្រកួតធំៗបាន ជាពិសេស ចាកាតា គឺជាជម្រើសដ៏ល្អមួយដែលគេមិនគួររំលង!

គួរបញ្ជាក់ថា សម្រាប់ការប្រកួតអូឡាំពិករដូវក្តៅឆ្នាំ២០២០ នឹងធ្វើឡើងនៅរាជធានីតូក្យូ ចំណែកនៅឆ្នាំ២០២៤ នឹងប្រារព្ធឡើងនៅរដ្ឋធានីប៉ារីស មុននឹងបន្តទៅកាន់ទីក្រុងឡូសអេនជឺឡេសក្នុងឆ្នាំ២០២៨ ។ ដូច្នេះ ប្រសិនបើ ចាកាតា បានសម្រេចបំណងនេះមែន ឥណ្ឌូនេសុី នឹងក្លាយជាប្រទេសទី៤ នៅអាសុីដែលធ្វើជាម្ចាស់ផ្ទះអូឡាំពិកបន្ទាប់ពីរាជាណាចក្រជប៉ុន, ចិន និងកូរ៉េខាងត្បូង ៕

មតិយោបល់