សម្តេចតេជោលើកឡើង ៤ ចំនុចពីការឈ្នះមេដាយកីឡាអាសុីឆ្នាំនេះ

នូ មករា September 4, 2018


ភ្នំពេញ៖ ខណៈពេលដែលម្ចាស់មេដាយមាស និងសំរឹទ្ធនៃព្រឹត្តិការណ៍ប្រកួតកីឡាអាសុី ឬ Asian Games បានចូលជួបសម្ដែងការគួសម ក៏ដូចជា សំណេះសំណាលជាមួយនឹងសម្ដេចតេជោហ៊ុន សែន នៅក្នុងវិមានសន្តិភាព កាលល្ងាចថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញនោះ សម្ដេចបានលើកឡើង ៤ចំនុចសំខាន់ៗទាក់ទងពីការឈ្នះមេដាយកម្រិតអាស៊ីនេះផងដែរ ។

ប្រសាសន៍ ៤ចំនុចរបស់សម្ដេចនោះរួមមានទី១គឺ រយៈពេល៦៤ឆ្នាំទម្រាំដណ្តើមបានមេដាយមាសនេះគឺជាជោគជ័យខ្លាំងណាស់សម្រាប់កម្ពុជា ហើយជនបរទេសទាំងឡាយដែលបានជួយបណ្តុះបណ្តាលហ្វឹកហាត់កីឡាករ កីឡាការិនីដណ្តើមមេដាយមាសពីកីឡាអាស៊ីនេះគឺជាការនាំមកនូវមោទកភាពជាតិកម្ពុជាទាំងមូល ។

ទី២៖ បើទោះបីកម្ពុជាដណ្តើមមេដាយពីកីឡាអាស៊ី និងកីឡាក្នុងតំបន់ដទៃទៀតប៉ុន្តែកីឡាអូឡាំពិកកម្ពុជាមិនទាន់ដណ្តើមបាននៅឡើយទេ ។ ទី៣៖ សម្តេចបានថ្លែងថា មិនមែននរណាក៏ចេះតែឲ្យគេសរសេរប្រវត្តិរបស់ខ្លួនបាននោះឡើយ ពោលវាស្ថិតនៅលើខ្លួនឯងផ្ទាល់តែម្តងដូចជាកញ្ញា ស៊ន សៀវម៉ី, លោក សាម៉ីត អ៊ូមើត និងកញ្ញា ខាន់ ចេសា ជាដើម ព្រោះពួកគេបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសដែលនឹងត្រូវចារឹកក្នុងប្រវត្តិសាស្ត្រ ។

ទី៤ សម្ដេចមានប្រសាសន៍ថា៖ ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រីក៏បានសម្តែងទឹកព្រះទ័យអបអរសាទរផងដែរចំពោះដំណឹងដ៏រីករាយនេះ ។  សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថាខ្មែរគ្រប់រូបនឹងមានមោទកភាពចំពោះជោគជ័យនេះ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការសំណេះសំណាលនោះសម្ដេចហ៊ុនសែន ក៍បានផ្ដល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៨០លានរៀលដល់ កញ្ញា ខាន់ ចេសា និងឧបត្ថម្ភបន្ថែមពីថវិការរបស់សម្តេចផ្ទាល់ចំនួន ១០,០០០ដុល្លារផងដែរ ។ ជាមួយគ្នានេះ គ្រូបង្វឹករបស់នាងទទួលបានប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ៨០លានរៀល និងប្រាក់ឧបត្ថម្ភដោយផ្ទាល់របស់សម្តេច ១ម៉ឺនដុល្លារផងដែរ។

រីឯកីឡាករ សាលីត អ៊ូមើត ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ១០៤លានរៀល និងប្រាក់ឧបត្ថម្ភពីសម្តេច ១៣,០០០ដុល្លារថែមទៀត ។ ចំពោះគ្រូបង្វឹករបស់កីឡាកររូបនេះទទួលបានពីរាជរដ្ឋាភិបាល ៨០លានរៀល និងពីសម្តេច ១ម៉ឺនដុល្លារផងដែរ ៕

អត្ថបទ៖  ប៉ាវឡុង ជីង

មតិយោបល់