ណាហ្គាវើលដ៍ នឹងឧបត្ថម្ភជាង ២មុឺនដុល្លារដល់ម្ចាស់មេដាយកីឡាអាសុី

នូ មករា September 3, 2018


ភ្នំពេញ: យោងតាមប្រភពព័ត៌មានផ្លូវការមួយបានបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាដៃគូឧបត្ថម្ភមួយរបស់គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជានឹងផ្តល់នូវប្រាក់រង្វាន់លើកទឹកចិត្តដែលមានចំនួនសរុបប្រមាណជាជាង ២មុឺនដុល្លារអាម៉េរិគដល់ជ័យលាភីនៃព្រឹត្តិការណ៍កីឡាអាសុី ដោយនឹងប្រគល់ជូនជាផ្លូវការនាថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ ។

ប្រភពដដែលបានបន្តថា សម្រាប់ម្ចាសមេដាយមាសទាំង​២រូបគឺកីឡាការិនី ខាន់ ចេសា និង សាលី អ៊ូមើត នឹងទទួលបានម្នាក់ៗចំនួន ១មុឺនដុល្លារ ប៉ុន្តែ អ៊ូមើត ដែលជាម្ចាស់មេដាយសំរឹទ្ធ ១គ្រឿងផងនោះក៏នឹងទទួលបានប្រាក់រង្វាន់បន្ថែម ៣ពាន់ដុល្លារថែមទៀត ។ ទន្ទឹមនឹងនេះ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥០០ ដុល្លារពីក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ ។

សូមបញ្ជាក់ថា ប្រាក់រង្វាន់នេះគឺជាកាដូលើកទឹកចិត្តបន្ថែមពីលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ ៕

អត្ថបទ: ប៉ាឡុង ជីង

 

មតិយោបល់