កម្ពុជា ប្រមូលផ្តុំកីឡាជនពិការ ៦ប្រភេទដើម្បីចូលរួមព្រឹត្តិការណ៍ ASIAN Para Games ឆ្នាំនេះ

នូ មករា September 3, 2018


ភ្នំពេញ: គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានប្រកាសពីការប្រមូលផ្ដុំកីឡាជនពិការចំនួន ៦ប្រភេទដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ីជនពិការ ឬ ASIAN Para Games នៅប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខនេះ ។ បើតាមការឲ្យដឹងពី លោក យី វាសនា អគ្គលេខានៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៨ នាប្រទេសឥណ្ឌូនេស៊ី ។

ជាមួយគ្នានេះដែរ កម្ពុជាបានសម្រេចប្រមូលផ្ដុំកីឡាចំនួន៦ប្រភេទរយៈពេលមួយខែដែលកីឡាទាំង៦ប្រភេទនោះមានដូចជា ហែលទឹក អត្តពលកម្ម បាញ់ធ្នូ វាយកូនឃ្លីលើតុ បាល់បោះនារីជិះរទេះ និងប៊ូលីង ។ កីឡាទាំង៦ប្រភេទនេះមាន៤៦វិញ្ញាសា និងមានអត្តពលិកចំនួន២៩រូបប៉ុន្តែបើគិតទាំងប្រតិភូមានសរុប៤៥រូប ក្នុងនោះមួយរូបជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

សូមបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងការប្រកួតកីឡាជនពិការអាស៊ីនេះ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះហើយមកទល់ពេលនេះកីឡាជនពិការដណ្ដើមបានមេដាយសរុបចំនួន ១៥៩គ្រឿងដែលក្នុងនោះមេដាយមាស២២គ្រឿង ប្រាក់៧៨គ្រឿង និងសំរឹទ្ធ៥៩គ្រឿង ។ ជាមួយនឹងការប្រកាសប្រមូលផ្ដុំនេះលោក យី វាសនា បានសំណូមពរដល់លោករដ្ឋមន្ត្រីសុំហ្វឹកហាត់ប្រភេទកីឡាមួយចំនួនក្នុងទីលាននានាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកពិសេសប្រភេទកីឡាហែលទឹក អត្តពលកម្ម បាល់បោះ នារីជិះរទេះ និងប្រភេទកីឡាមួយចំនួនទៀត ។

ជាលទ្ធផល លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានយល់ព្រម និងប្រកាសថាថវិកាបំប៉នសម្រាប់កីឡាជនពិការដូចគ្នានឹងថវិកាបំប៉នកីឡាជម្រើសជាតិធម្មតា ចំណែកប្រាក់រង្វាន់មេដាយក៏មានចំនួនដូចគ្នាដែរ ។ លោករដ្ឋមន្ត្រីក៏បានស្នើសុំឲ្យគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អនុញ្ញាតឲ្យមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចូលរួមជាមួយដើម្បីស្រាវជ្រាវមើលពីប្រភេទកីឡានានារបស់ប៉ារ៉ាឡាំពិកដើម្បីឲ្យដឹងថាប្រភេទកីឡាណាមានសក្ដានុពលដើម្បីបង្កើនប្រភេទកីឡាឲ្យបានច្រើនត្រៀមឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារាហ្គេមនោះ  ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់