កម្ពុជាបញ្ជូនក្រុមកីឡាប៉េតង់៨នាក់ចូលរួមពានរង្វាន់មួយនៅវៀតណាម

នូ មករា September 3, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជានាថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៨ នេះបានបញ្ជូនក្រុមអត្តពលិកក៏ដូចជាប្រតិភូ២នាក់រួមជាមួយកីឡាករកីឡាការិនីចំនួន ៨នាក់ទៅប្រទេសវៀតណាមដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ដែលមានឈ្មោះថា “International HCMC Labor Culture Palace Open Petanque Championships 2018” ។

អ្នកស្រី អ៊ុំ ចន្ទ្រា ដែលជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនក្រុមអត្តពលិកចំនួន៨នាក់ក្នុងនោះមាន កីឡាករ៤នាក់ និងកីឡាការិនី៤នាក់ ចំពោះកីឡាករ៤នាក់រួមមានកីឡាករ ហេង ថន, កីឡាករ ហេង ថា, កីឡាករសៀង វណ្ណា និងកីឡាករហេង ស៊ូមៀន ចំណែកកីឡាការិនី៤នាក់ទៀតវិញកីឡាការិនី កែវ សុវណ្ណា, កីឡាការិនី ចាន់ ពិសី, កីឡាការិនីធា សម្ជស្ស និងកីឡាការិនីម៉ៃ រតនា ។

សម្រាប់ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០១៨ ។ អ្នកស្រី អ៊ុំ ចន្ទ្រា បានបន្តថា ការប្រកួតកីឡាប៉េតង់នៅប្រទេសវៀតណាមខាងកម្ពុជាប្រកួតក្នុងវិញ្ញាសាវាយយកពិន្ទុ បុរសនិងវិញ្ញាសាវាយ៣នាក់ទល់៣នាក់ហើយវិញ្ញាសាវាយយកពិន្ទុនារីនិងវិញ្ញាសាវាយ៣នាក់ទល់៣នាក់នារីដូចគ្នាដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់