ល្ងាចនេះកម្ពុជានឹងដង្ហែរម្ចាស់មេដាយមាសកីឡាអាសុីនៅរាជធានីភ្នំពេញ

នូ មករា September 3, 2018


ភ្នំពេញ៖ នេះជាលើកទី២ហើយដែលកម្ពុជាធ្វើការដង្ហែរម្ចាស់មេដាយមាសកម្រិតអាស៊ី បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសជាលើកដំបូងកាលពីឆ្នាំ២០១៤ កន្លងទៅ។ ក្បួនដង្ហែរម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី ដែលនឹងវិលត្រឡប់មកមាតុភូមិវិញនៅល្ងាចថ្ងៃទី៣ ខែកញ្ញានេះ នឹងធ្វើឡើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់វិមានសន្តិភាព ។

កម្ពុជាបានឈ្នះមេដាយសរុប  ៣គ្រឿងពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះក្នុងនោះកីឡាការិនី ខាន់ ចេស្សា បានឈ្នះមេដាយមាស ១លើប្រភេទកីឡាជូជីស៊ូ ហើយកីឡាករម៉ូតូទឹក សាលី អ៊ូមើត បានឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ទៀត ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយកបេសកកម្មដឹកនាំការប្រកួតបានឲ្យដឹងថា៖ «នៅរសៀលថ្ងៃទី៣ ខែកញ្ញា វេលាម៉ោង ៥:៣៥នាទីល្ងាច អត្តពលិកនឹងវិលមកដល់មាតុភូមិកម្ពុជាវិញ ហើយឆ្ពោះទៅវិមានសន្តិភាពជាមួយនឹងម៉ូតូកិត្តិយសអមចំនួន៦គ្រឿង ។»

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះកាលពីឆ្នាំ២០១៣ ជ័យលាភីមេដាយមាស ខាន់ ចេសា និង សាលី អ៊ូមើត នឹងទទួលបានប្រាក់រង្វាន់ម្នាក់ៗចំនួន៨០លានរៀល ហើយ អ៊ូមើត ទទួលបាន២៤លានរៀលបន្ថែមទៀតសម្រាប់មេដាយសំរឹទ្ធ ។

ចំណែកគ្រូបង្វឹករបស់អត្តពលិកទាំង២ទទួលម្នាក់ៗ ៨០លានរៀល រីឯគ្រូជំនួយបាន៧០ភាគរយ ។ បន្ថែមពីនេះជ័យលាភីម្នាក់ៗក៏ត្រូវទទួលប្រាក់ឧបត្ថម្ភផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។ សូមបញ្ជាក់ថា កន្លងមក សម្តេចតេជោ បានប្រកាសឧបត្ថម្ភ១ម៉ឺនដុល្លារអាមេរិកសម្រាប់មេដាយមាស ហើយ៥០០០ដុល្លារអាមេរិកសម្រាប់មេដាយប្រាក់ និង៣០០០ដុល្លារអាមេរិកសម្រាប់មេដាយសំរឹទ្ធ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់