ខាន់ ចេសា មានមោទកភាពចំពោះមេដាយមាសលើកដំបូងសម្រាប់កម្ពុជា!

នូ មករា September 3, 2018


ភ្នំពេញ៖ កាន់តែពិសេសសម្រាប់កូនកាត់ខ្មែរម្នាក់ទៀតហើយដែលបានប្រឹងប្រែងខំសាងកិត្តិ៍យស និងលើកមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិហើយបាននិយាយទាំងភាពក្ដុកក្ដួលថាមេដាយមាសមិនមែនសម្រាប់តែរូបនាឡើយ តែសម្រាប់ពលរដ្ឋខ្មែរ និងគ្រួសាររបស់នាងផងដែរ ។

កីឡាការិនីរូបនេះបាននិយាយបែបនេះក្រោយពីរូបគេបានប្រកួតឈ្នះមេដាយមាសមួយគ្រឿងលើប្រភេទកីឡា Jiu-Jitsu ក្នុងវិញ្ញាសាទម្ងន់ក្រោម៤៩គីឡូនៅក្នុងព្រឹត្តិការណ៍កីឡា Asian Games លើកទី១៨ ក្នុងប្រទេសឥណ្ឌូនេស៊ីដែលបានរៀបចំពិធីបិទកាលពីយប់មិញនេះ ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយការសែតបរទេសមួយកាលពីយប់ម្សិលមិញ ចេសា បានថ្លែងថា៖ «ខ្ញុំបានឈ្នះមេដាយមាសច្រើនណាស់ពីមុនមក ប៉ុន្តែលើកនេះពិតជាពិសេស ព្រោះវាមិនមែនសម្រាប់តែខ្ញុំឡើយ តែសម្រាប់ពលរដ្ឋខ្មែរ និងគ្រួសាររបស់ខ្ញុំទាំងមូល ។ កូនកាត់ខ្មែរ មុិចសុិកូនេះបានបន្ថែមថា៖ «វាពិតមានន័យណាស់ ព្រោះនេះជាលើកទីមួយដែលពួកគេមានប្រភេទកីឡា jiu-jitsu ដូច្នេះខ្ញុំរីករាយដែលខ្ញុំអាចឈ្នះវាសម្រាប់ប្រទេសកម្ពុជា និងជាអ្នកបង្កើតប្រវត្តិសាស្ត្រថ្មី»។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើនបានឱ្យដឹងដែរថា៖ «ចេសា ដែលមានឪពុកជាជនជាតិខ្មែរ ម្តាយជាជនជាតិម៉ិកស៊ិក ប៉ុន្តែមិនចេះនិយាយភាសាខ្មែរសោះហើយស្គាល់តែពាក្យ«ម្ហូប»មួយមុខប៉ុណ្ណោះនោះ បានស្នើឲ្យកម្ពុជាជួយលើកកម្ពស់វិស័យកីឡា jiu-jitsu ឲ្យកាន់តែរីកចម្រើន ហើយនាងជឿជាក់ថាកីឡានេះនឹងអាចឈានជើងទៅប្រជែងក្នុងកីឡាអូឡាំពិកនាក្រុងតូក្យូ ឆ្នាំ២០២០ បាន ព្រោះនាងជឿជាក់ថា កីឡានេះនឹងបន្តរីកចម្រើន ហើយប្រជាជនកម្ពុជាទាំងអស់នឹងស្គាល់ពីវាកាន់តែច្បាស់ចាប់ពីពេលនេះតទៅ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់