Asian Games: សូហ្វតេសន្នីសកម្ពុជារងបរាជ័យយ៉ាងចាស់ដៃ!

នូ មករា September 1, 2018


ភ្នំពេញ៖  កីឡាសូហ្វតិន្នីសកម្ពុជាបានរងបរាជ័យនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីហើយដែលនេះជាការបរាជ័យហៅលែងឮតែម្ដង ។ តាមពិតសម្រាប់កីឡាការចាញ់-ឈ្នះគឺជារឿងធម្មតាព្រោះជ័យជម្នះតែងតែធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកខ្លាំងរីឯបរាជ័យឯណោះទេតែងនៅនែបនិត្យជាមួយអ្នកខ្សោយនោះ ។  មុនចេញដំណើរទៅចូលរួមប្រកួតលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ដែលជាអនុប្រធានទី១សហព័ន្ធសូហ្វតិន្នីសកម្ពុជាបានថ្លែងថា ការប្រកួតនេះលោកមានសង្ឃឹម៥០ភាគរយថានឹងដណ្ដើមបានមេដាយជាមួយគ្នានេះលោកនឹងបង្ហាញឲ្យបណ្ដាប្រទេសក្នុងទ្វីបអាស៊ីថាសម្រាប់ប្រភេទកីឡាសូហ្វតិន្នីសនេះកម្ពុជាគឺជាប្រទេសខ្លាំងមួយក្នុងចំំណោមមហាអំណាចសូហ្វតិន្នីសទាំង១០នៅអាស៊ី ។  លោកបានអួតទៀតថាកម្ពុជាពេលនេះកំពុងតែឈរនៅក្នុងចំណាត់ថ្នាក់លេខ៩  ក្នុងពិភពលោក ។


លោកបន្តថា ហើយក្នុងតំបន់អាស៊ីប្រទេសដែលមានសមត្ថភាពខ្ពស់ជាងកម្ពុជាមាន៧ប្រទេសដូចជា៖ ជប៉ុន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន កូរ៉េ និងចិនតៃវ៉ាន់។ក្រៅពីនោះគ្មានប្រទេសណាលោតជាមួយកម្ពុជាបានឡើយ។ ក៏ប៉ុន្តែពេលនេះទាំងវិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុមគឺសុទ្ធតែចាញ់អស់ហើយ ។ វិញ្ញាសាចុងក្រោយដែលនៅសល់នោះគឺវិញ្ញាសាជិះយន្តហោះត្រឡប់មកវិញតែប៉ុណ្ណោះ! ជាមេដឹកនាំកីឡាត្រូវតែដឹងថាជ័យជម្នះក្នុងការប្រកួតជើងឯកនានា ឬ ការប្រកួតបើកទូលាយ(Open)វាគ្រាន់តែជាព្រឹត្តិការណ៍បង្កើតឡើងសម្រាប់ឲ្យមានការចូលរួមប៉ុណ្ណោះ ។  ក្រៅពីស្រុកខ្មែរអ្នកចូលរួមក្នុងព្រឹត្តិការណ៍បែបនេះគេមិនដែលបញ្ជូនអត្តពលិកកម្រិតកំពូលចូលរួមឡើយ ព្រោះវាជាការសាកល្បងសមត្ថភាពជាជាងការប្រជែងមេដាយ ឬពានរង្វាន់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់