ប្រតិភូតេក្វាន់ដូ ITF មកដល់កម្ពុជាវិញអមដោយមេដាយពិភពលោក ២គ្រឿង

នូ មករា August 29, 2018


ភ្នំពេញ៖ ម្ចាស់មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង រួមជាមួយក្រុមគណៈប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅទីក្រុង MINSK ប្រទេបេឡារុស នោះបានមកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី២៩ ខែសីហានេះ ។

ក្នុងដំណើរវិលត្រលប់មកវិញនេះ មានការរង់ចាំទទួលដោយមន្ត្រីកីឡារួមជាមួយថ្នាក់ដឹកនាំរបស់សហព័ន្ធផងដែរ ។ សូមបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកយុវជនលើកទី១៣ នេះកម្ពុជាដណ្ដើមបានមេដាយប្រាក់មួយគ្រឿង និងសំរឹទ្ធមួយគ្រឿង ។ នេះក៏ជាលើកទី២ហើយដែលកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេងទៅចូលរួមក្នុងការប្រកួតជើងឯកពិភពលោកបែបនេះដែលកាលពីលើកដំបូងកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងប៉ុណ្ណោះ ។

សម្រាប់ការចូលរួមលើកទី២នេះកម្ពុជារកបានមេដាយប្រាក់មួយគ្រឿងដោយកីឡាករវ័យក្មេង បួន ចន្ទ័ថារ៉ាត់ អាយុ ១៥ឆ្នាំដែលលេងវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៥គ.ក្រ ។ កីឡាកររូបនេះបានយកឈ្នះកីឡាករមកពីអេស្តូនី ក្រិក ជប៉ុន អាហ្សង់ទីន កាស្សាស្ថាន និងកីឡាករអ៊ុយក្រែន ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្របានចាញ់កីឡាកររុស្សី ។

សម្រាប់មេដាយសំរឹទ្ធបានលើវិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួនជាក្រុមដោយចាញ់ពិន្ទុក្រុមកូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុន និងប្រទេសរុស្ស៊ី ហើយការប្រកួតវិញ្ញាសានេះមាន១៣ប្រទេសចូលរួម ចំណែកក្រុមកម្ពុជារួមមាន កីឡាករ កាង ប៊ុនឡុង សុខ ស៊ូណាម  ចេង រោងរាជ្យ និង សេង ម៉េងហៀង ។

លោក កែវ រ៉េមី ប្រមុខសហព័ន្ធកីឡាតេក្វាន់ដូអាយ ធីអេហ្វ កម្ពុជាបានចាត់ទុកថាពេលនេះសមត្ថភាពរបស់កម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំងណាស់ពិសេសវ័យយុវជនដែលជាថ្នាលតែម្តង ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់