ការប្រណាំងម៉ូតូហោះដ៏ព្រឺព្រួចប្រចាំឆ្នាំ២០១៥ (Supercross Racing 2015)

គឹមហុក April 5, 2015


កាលពីលេខចេញខែកុម្ភៈទស្សនាវដ្តី Camsports បានលើកយកនូវកីឡាមួយប្រភេទដែលខុសប្លែកពីប្រភេទកីឡាដទៃទៀតដោយសារថាទីតាំងនៃការប្រកួតក៏ដូចជារបៀបប្រកួតមានភាពផ្ទុយស្រឡះពីការប្រណាំងរថយន្តផ្សេងៗដែលត្រូវបើកបរនៅផ្លូវរលោងស្រិល និងមិនសូវមានឧបសគ្គច្រើននោះទេ នោះគឺកីឡា OFF ROAD ដែលជាការផ្សងព្រេងលើរថយន្តឡើងភ្នំចុះទឹកកាត់វាលភក់កប់ៗកង់រថយន្តតែម្តងហើយកីឡានេះក៏ជាកីឡាមួយដែលទើបតែមានការពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងផងដែរ។ ជាការពិតណាស់មើលទៅកីឡានេះពិតជារំភើបលាយឡំជាមួយនឹងភាពព្រឺព្រួចមិនតិចនោះទេ។ ងាកមកខែនេះវិញម្តងទស្សនាវដ្តីយើងខ្ញុំបានពាំនាំយកមកនូវកីឡាមួយប្រភេទផ្សេងទៀតដែលមានភាពរំភើបព្រឺជ្រួច និងពោរពេញទៅដោយបច្ចេកទេសបូករួមនឹងទេពកោសល្យរបស់កីឡាករម្នាក់ៗមិនចាញ់កីឡា OFF ROAD នោះទេ ហើយប្រិយមិត្តកម្ពុជាក៏ធ្លាប់ទស្សនាព្រមទាំងបានស្គាល់កីឡានេះរួចមកហើយដែរ។ ក្រៅពីនេះវាក៏ជាកីឡាមួយប្រភេទដែលមានគ្រោះថ្នាក់មិនធម្មតាដែរ នោះគឺការ «ប្រណាំងម៉ូតូហោះ» ដែលជាព្រឹត្តិការណ៍ដ៏ញាប់ញ័រក៏ដូចជាកន្ត្រាក់អារម្មណ៍ និងនាំមកនូវភាពជក់ចិត្តដិតអារម្មណ៍ខ្លាំងមែនទែនតែម្តង។

Supercross Racing 2015

Supercross Racing 2015

«ពីដំបូងពេលជិះកាត់កន្លែងនោះឃើញតែម៉ូតូអស់ស្ទុយៗ ហើយហុយដីទ្រលោមពេញហ្នឹង ខ្ញុំស្មានថាមានរឿងអីកើតឡើង។ ពេលដែលបានឃើញហើយគឺពិតជាញាក់សាច់! ព្រឺឆ្អឹងខ្នងជំនួសអ្នកជិះតែម្តងព្រោះឃើញម៉ូតូហោះសឹងតែផុតដំបូលផ្ទះហើយលឿនទៀត» នេះជាការលើកឡើងរបស់លោក រដ្ឋា ក្នុងព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូហោះនៅ​ទី​លាន​ព្រែក​លៀបកាលពីថ្ងៃទី ០១ ខែមីនាកន្លងទៅ។​ បុរសជំទង់ម្នាក់នេះបានបន្ថែមថា៖ «ប៉ុន្តែវាមើលទៅគួរឱ្យសប្បាយរីករាយ និងរំភើបទៅតាមកាយវិការរបស់កីឡាករក្នុងការបញ្ជាម៉ូតូរបស់ខ្លួននៅលើផ្លូវដ៏លំបាកពោរពេញទៅដោយឧបសគ្គហើយពួកគេពិតជាពូកែបើកម៉ូតូមែនទែន។»

ទិដ្ឋភាពបែបនេះហើយដែលបានក្លាយទៅជាកត្តាជំរុញចិត្តអ្នកចូលរួម និងអ្នកទស្សនាទាំងអស់មានភាពក្លៀវក្លាចង់ដឹងចង់ឃើញហើយនាំគ្នាឈរមើលស្ទើរមិនព្រិចភ្នែកបើទោះបីជាម្នាក់ៗត្រូវទ្រាំទ្រនឹងអាកាសធាតុក្តៅហែងនារដូវប្រាំងថែមទាំងត្រូវលោមព័ទ្ធដោយកម្ទេចដីហុយទ្រលោមដែលភាយចេញពីកម្លាំងបន្លាស់ទីរបស់កង់ម៉ូតូទៅតាមចលនាបច្ចេកទេសនៃបណ្តាកីឡាដែលកំពុងពត់ពែនខ្លួនម្តងៗក៏ដោយចុះ។ សម្រាប់ប្រជាជនជាច្រើននៅក្នុងមូលដ្ឋាននេះ ការប្រកួតប្រណាំងម៉ូតូបែបនេះគឺជាទស្សនីយភាពថ្មីមួយដែលមិនងាយបានជួបប្រទះឡើយ។ ប្រការនេះហើយជាហេតុនាំឲ្យមានអ្នកទស្សនាពាសពេញទីលានប្រណាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានក្លាយទៅជាអ្នកគាំទ្រដល់កីឡាករដែលគេពេញចិត្តដោយមិនដឹងខ្លួន! ជាញឹកញាប់គេបានលឺសម្រែកហ៊ោលើកទឹកចិត្ត និងការទះដៃសាទរខណៈដែលមនុស្សវ័យចំណាស់ខ្លះៗទៀតស្រែលដោយភាពភ្ញាក់ផ្អើលលាយឡំដោយក្តីបារម្មណ៍ចំពោះសុវត្ថិភាពរបស់អ្នកបើកបរនៅពេលដែលពួកគេបានឃើញម៉ូតូធុនធំៗទាំងនោះហោះប្រដេញគ្នាឆ្លងកាត់ទីទួលដីក្រហមមួយហើយមួយទៀតក្នុងល្បឿនលឿនស្ទើរតែមិនគួរឱ្យជឿ!

សូមបញ្ជាក់ ក្នុងការប្រណាំងម៉ូតូហោះប្រចាំឆ្នាំ២០១៥ នេះគណៈកម្មការរៀបចំបានចែកចេញជា ៥ ពូល និងរួមទាំងមានការប្រណាំងកង់ផងដែរហើយសម្រាប់​អ្នក​ចូល​រួម​ប្រកួតមាន​ទាំង​កីឡាករ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់ដែលវត្តមានរបស់ពួកគេកាន់តែញ៉ាំងឱ្យការប្រកួតកាន់តែជក់ចិត្តទ្វេដងថែមទៀត។ ទិដ្ឋភាពនៅអំឡុងពេលប្រកួតមើល​ទៅ​​​​​​គួរ​ឲ្យ​រន្ធត់​ដោយ​កីឡាករ​ម្នាក់​ៗ​បើក​យ៉ាង​លឿន​ដូច​ហោះ​ស្រប​ពេល​ដែល​ដី​ហុយ​សំពោង​ដូច​ព្យុះតាមពីក្រោយម៉ូតូរបស់កីឡាករម្នាក់ៗធ្វើឱ្យបរិយកាសនៅទីលានប្រកួតដែលធ្លាប់តែស្រស់ថ្លាប្តូរទៅជាសក្បុសសឹងតែរកមើលកីឡាករមិនឃើញ។ ឯអ្នកទស្សនាវិញទោះបីឈរហាលថ្ងៃក្រោមកម្តៅសូរ្យសែងយ៉ាងណាក្តីក៏ពួកគេមិនរុញរានោះទេ ពោលគឺនាំគ្នាស្រែកហ៊ោរផ្តល់កម្លាំងចិត្តដល់កីឡាករឱ្យខិតខំប្រឹងប្រែងក្នុងការប្រកួត។ ជាក់ស្តែងប្អូនប្រុស រិទ្ធិ ដែលស្វះស្វែងមកតាំងពីពោធិ៍ចិនតុងដើម្បីមកមើលការប្រកួតនេះបានប្រាប់ឱ្យដឹងថា៖ «ខ្ញុំមកតាំងពីព្រលឹមដើម្បីមើលការប្រណាំងម៉ូតូហោះនេះព្រោះមិនដែលបានឃើញផ្ទាល់ធ្លាប់តែមើលតាមទូរទស្សន៍។ ពេលនេះឃើញហើយស្រៀវមែនទែន ព្រោះថាបើកលឿនៗសឹងតែមើលមិនទាន់ហើយបើអ្នកមិនដែលជិះវិញប្រហែលជាមិនហ៊ានចូលរួមប្រកួតនោះទេព្រោះផ្លូវសុទ្ធតែពិបាកគឺមានផ្លូវកោង ផ្លូវទួល និយាយរួមមិនចាញ់នៅឯបរទេសឡើយ។ ពីដំបូងស្មានថាកីឡាករបរទេសទាំងអស់ប៉ុន្តែដល់ពេលដោះមួកទើបដឹងថាភាគច្រើនសុទ្ធតែជាកីឡាករខ្មែរ។ ដូចនេះខ្មែរយើងក៏មិនអន់ដែរ!។»

Supercross Racing 2015

Supercross Racing 2015

នាពេលរសៀលថ្ងៃនោះដែរក៏មានការប្រណាំងកង់ដើម្បីអបអរការប្រកួតនៅលើទីលានប្រណាំងម៉ូតូផងដែរជាហេតុធ្វើឱ្យការប្រកួតនាពេលនោះកាន់តែពោរពេញទៅដោយភាពរីករាយ និងអធិកអធមក្រៃលែង។

ក្រោយពីធ្វើការប្រកួតគ្នា​តាមពូលនីមួយៗអស់រយៈពេលពេញមួយថ្ងៃនោះមកក្នុងព្រឹត្តិការណ៍ការប្រកួតប្រណាំងម៉ូតូហោះប្រចាំឆ្នាំ២០១៥ នេះយើងបានរកឃើញជើងខ្លាំងហើយដែលក្នុងនោះមានដូចជា៖

ចំណាត់ថ្នាក់ ពូលA ចំណាត់ថ្នាក់ ពូលB
​1 Je Arucnkrung 1 ជា​លីឃាង
2 Kim Apiwat 2 ភីវ លេង
3 Pon Nuttakkit 3 Ching Choue
4 Art Nutkotbotrawat 4 Khan Pov
5 Siam 5 Pilot Moto

 

ចំណាត់ថ្នាក់ ពូលC ចំណាត់ថ្នាក់ ពូលD
​1 Harry GuelKer 1 តូនី
2 Sam Bo 2 សំណាង វីរៈ
3 ពេជ្រ គឹមស្រ៊ុន 3 នួន សុភាស្ស
4 វ៉ាន ណេត 4 ប៊យ ស៊ីថា
5 កែវ រតនៈ 5 រ័ត្ន សុខជា

 

ចំណាត់ថ្នាក់ ពូលE ចំណាត់ថ្នាក់ ពូល Bike
​1 Clais Jean 1 យឿន ភីយុទ្ធ
2 Scott Roe 2 សំាំង សីហា
3 Boy Moto 3 ញ៉ុញ លេញ
4 Chea Dany 4 ប៊ុល ស៊ីនលឹម
5 សាត សុខលីហេង 5 ស៊ាង យូតា

 

អត្ថបទ៖ បារាំង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត