ទ្រីយ៉ាត្លុងកម្ពុជា ទទួលបានកង់ ១៤គ្រឿងពីក្រុមហ៊ុន GIANT

នូ មករា August 27, 2018


ភ្នំពេញ: ក្រុមហ៊ុនកង់ GIANT បានប្រគង់កង់ចំនួន១៤គ្រឿងព្រមទាំងឯកសណ្ឋាន១៤ឈុតដល់សហព័ន្ធទ្រីយ៉ាត្លុងនៅព្រឹកថ្ងៃទី២៧ ខែសីហានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ បើតាមការឲ្យដឹងពីលោក ងិន សុបញ្ញា បានឲ្យដឹងថាកង់ទាំង១៤គ្រឿងនេះជាប្រភេទកង់គួក (Road Bike) រីឯសម្ភារចំនួន១៤ឈុតនោះមានខោ-អាវ ស្រោមជើងវ៉ែនតា និងមួកសម្រាប់ជិះកង់ ។
    
ទ្រីយ៉ាត្លុងជាប្រភេទកីឡាដែលមានកីឡាចំនួន៣ប្រភេទបញ្ចូលគ្នា គឺហែលទឹកចម្ងាយ១,៥០គីឡូម៉ែត្រ ជិះកង់ ចម្ងាយ៤០គីឡូម៉ែត្រ និងចុងក្រោយរត់ចម្ងាយ១០គីឡូម៉ែត្រ ។ នេះក៏មិនមែនជាលើកដំបូងទេដែលក្រុមហ៊ុនកង់ GIANT ផ្ដល់អំណោយជាកង់ដល់សហព័ន្ធ ទ្រីយ៉ាត្លុង គ្រាន់តែលើកនេះក្រុមហ៊ុនប្រគល់ជាទ្រង់ទ្រាយធំ ហើយកង់ទាំង១៤គ្រឿងនេះគឺប្រគល់សម្រាប់ការហ្វឹកហាត់របស់កីឡាថ្នាលដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះសហព័ន្ធទ្រីយ៉ាត្លុងមានកីឡាករថ្នាលចំនួន៦រូប និងកីឡាការិនីថ្នាលចំនួន៤រូបដោយពួកគេតែងតែទៅហ្វឹកហាត់នៅខេត្តកែបដែលជាទីតាំងហ្វឹកហាត់ដ៏ប្រពៃសម្រាប់កីឡាទ្រីយ៉ាត្លុង ។ លោកឧកញ៉ា គង់ រិទ្ធិជព្វ ប្រធានសហព័ន្ធ និងលោកស្រី ម៉ក់ វណ្ណស៊ីថា ដែលជាអនុប្រធានបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលនេះ ។
លោកឧកញ៉ាប្រធាន និងលោកស្រីអនុប្រធានបានចាត់ទុកថាសម្ភារៈទាំងនេះនឹងជួយដល់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីថ្នាលដើម្បីត្រៀមឆ្នាំ២០២៣ ។ លោកអគ្គលេខាធិការបានអះអាងថា នេះមិនមែនជាលើកចុងក្រោយរបស់សហព័ន្ធឡើយ ព្រោះក្រុមហ៊ុនបានប្រកាសថានឹងបន្តជួយដល់សហព័ន្ធជាបន្តទៅទៀតនាពេលអនាគត ៕
អត្ថបទ: វ៉ាន្នី

មតិយោបល់