Asian Games: កម្ពុជា ឡើងមកលេខ១៦ ក្រោយឈ្នះមេដាយ ៣គ្រឿង

នូ មករា August 25, 2018


ឥណ្ឌូនេសុី: គិតត្រឹមម៉ោងនេះកម្ពុជាឈ្នះមេដាយមាស២គ្រឿង និងសំរិទ្ធ១គ្រឿងពី Asian Games នៅប្រទេសឥណ្ឌូនេស៊ី និងកំពុងឈរនៅលេខរៀងទី១៦ ក្នុងចំណោមប្រទេសទាំង ៤៥ដែលបានចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំជាងគេប្រចាំទ្វីបអាសុីនេះ ។
សូមបញ្ជាក់ថា មេដាយទាំង ៣គ្រឿងរកបានដោយ កីឡាការិនី ចេសា ខាន់ ក្នុងប្រភេទកីឡាជឺជីតស៊ូ កាលពីម្សិលមិញ មុននឹងកីឡាករ សាលី អ៊ូមើត រកបាន ២គ្រឿងនាថ្ងៃទី២៥ ខែសីហានេះលើប្រភេទកីឡាម៉ូតូទឹក ដោយរូបគេទទួលបានមេដាយមាសក្នុងវិញ្ញាសា Ski Modified និងមេដាយសំរឹទ្ធក្នុងវិញ្ញាសា Runabout 1100 Stock ។

គិតត្រឹមថ្ងៃទី២៥ ខែសីហានេះ អត្តពលិកកម្ពុជានៅមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះឡើយ ពោលគឺនៅសល់កីឡាករ-កីឡាការិនី ៦ប្រភេទកីឡាទៀតដែលត្រូវបន្ដការប្រកួត និងស្វែងរកមេដាយជូនជាតិ ។ ក្នុងនោះដែរក៏មានកីឡា ១ប្រភេទដែលកម្ពុជារំពឹងនឹងទទួលបានមេដាយបន្ថែមផងដែរគឺកីឡាសូហ្វតេន្នីសកម្ពុជា ដែលនឹងត្រូវចាកចេញពីមាតុភូមិ ដើម្បីចូលរួមប្រកួតប្រជែងមេដាយលើកដំបូង ក្នុងការប្រកួតកីឡា Asian Games នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ៕
ប៉ាវឡុង ជីង

 

មតិយោបល់