Asian Games: សូមកោតសរសើរ! តាមពិត សាលី អ៊ូមើត ជាម្ចាស់មេដាយ ២ក្នុងថ្ងៃនេះ!

នូ មករា August 25, 2018


ឥណ្ឌូនេសុី: កីឡាករ សាលី អ៊ូមើត ដែលជាអត្តពលិកឆ្នើមផ្នែកកីឡាម៉ូតូទឹករបស់កម្ពុជាបានក្តោបក្តាប់មេដាយ ២គ្រឿងតែម្នាក់ឯងពោលគឺមេដាយមាសក្នុងវិញ្ញាសា Ski Modified និងមេដាយសំរឹទ្ធលើវិញ្ញាសា Runabout 110 Stock នៅក្នុងព្រឹត្តិការណ៍កីឡាអាសុីឆ្នាំ២០១៨ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេសុី ។

សូមបញ្ជាក់ថា នេះជាការបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រវត្តិសាស្ត្រកម្ពុជាដែលបានឈ្នះមេដាយមាស ២គ្រឿងនៅក្នុងការប្រកួតដ៏ធំប្រចាំទ្វីបអាសុីនេះ ជាក់ស្តែងជាង ៦០ឆ្នាំមកនេះកម្ពុជាធ្លាប់ទទួលបានមេដាយប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ មុននឹងវីរកីឡាការិនីកម្ពុជា ស៊ន សៀវមុី ដណ្តើមបានមេដាយមាសលើកដំបូងកាលពីឆ្នាំ២០១៤ កន្លងទៅ ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នេះជាជោគជ័យដ៏ធំមួយទៀតរបស់កម្ពុជា ដោយកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ហើយនេះ ក៏ជាមោទកភាពយ៉ាងខ្លាំង ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ដែលកីឡាកម្ពុជាយើង អាចបំបែកឯកត្តកម្ម ៦៤ ឆ្នាំ (តាំងពីឆ្នាំ ១៩៥៤) បានក្នុងព្រឹត្តិការណ៍កីឡា Asian Games នេះដែលបានឈ្នះមេដាយមាសរហូតទៅដល់២គ្រឿង!» ៕

អត្ថបទ: មករា

មតិយោបល់