កម្ពុជាសង្ឃឹមបានមេដាយ Asian Games ពីកីឡា ៣ប្រភេទចុងក្រោយ

នូ មករា August 24, 2018


Asian Games៖ គិតមកដល់ពេលនេះ គឺ៥ថ្ងៃហើយដែលក្រុមអត្តពលិករបស់កម្ពុជា មិនទាន់អាចស្វែងរកមេដាយបាននៅឡើយ ខណៈដែលថ្នាក់ដឹកនាំកីឡាធំៗរបស់កម្ពុជានៅតែមានសង្ឃឹមក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូនេស៊ីដដែលបើទោះបីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវមី បានធ្លាក់ត្រឹមវគ្គជម្រុះជុំទី២ ក្រោយចាញ់ កីឡាការិនី Osipova Svetlana ក៏ដោយ ។


បើតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងពីប្រទេសឥណ្ឌូនេស៊ីមកថា៖ «ទោះបីប្រភេទកីឡាមួយចំនួនរបស់កម្ពុជាដែលបញ្ជូនទៅចូលរួមត្រូវបានធ្លាក់ចេញពីការប្រកួតអេស៊ានហ្គេមនៅឥណ្ដូនេស៊ីជាបន្តបន្ទាប់ក្តី តែកម្ពុជានៅសង្ឈឹមខ្ពស់លើ៣ប្រភេទកីឡាទៀត អាចឈានឆ្ពោះទៅប្រជែងបានមេដាយ ។ ៣ប្រភេទដែលកម្ពុជាសង្ឈឹមថានូវមានលទ្ធភាពប្រជែងបានមេដាយនោះ មានដូចជា ជឺជេតស៊ូ ជេតស្គី និងកីឡាសហ្វតេន្នីស ។»


លោកបន្តថា៖ «កាលពីរសៀលម្សិលមិញនេះប្រភេទកីឡាម៉ូតូទឹក បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងថ្ងៃទី១ហើយដែលបានប្រកួត៣វិញ្ញាសាគឺ Runabout 1100 Stock, Ski Limited និង Runabout Limited ដែលក្រុមកីឡាម៉ូតូកម្ពុជាធ្វើបានល្អវិញ្ញាសាខ្លះ ប៉ុន្តែវិញ្ញាសាខ្លះក៏មិនល្អដែរ។ ថ្ងៃទី១នេះ កីឡាករសាលី អ៊ូមើត ធ្វើបានល្អក្នុងវិញ្ញាសា Ski Modified និង Runabout 1100 Stock ដែលមានឱកាសរកមេដាយសម្រាប់ប្រកួតវគ្គបន្ទាប់ ប៉ុន្តែកីឡាករ ម៉ីន មូស្តាន ធ្វើអត់បានល្អទាំង៣វិញ្ញាសា។»


អគ្គលេខាធិការរូបនេះបន្តថា៖ «បើតាមគ្រូបង្វឹកអូស្រ្តាលី និងអាឡឺម៉ង់ដ៍ ថាយើងនៅមានសង្ឃឹមច្រើននៅវគ្គក្រោយទៀតឆ្ពោះទៅរកមេដាយមាស ព្រោះយើងនៅសល់ពីរវគ្គទៀត ដែលនឹងបញ្ចប់និង បូកពិន្ទុចុងក្រោយនារសៀល។»


ជាមួយគ្នានេះដែល លោក ណេះ ស្លេះ ប្រធានសព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក៍បានឱ្យដឹងដែរថា៖ «សម្រាប់ការប្រកួត Asian Games នៅឥណ្ឌូណេស៊ីលើកនេះ យើងរំពឹងនិងមានការជឿជាក់ថា កីឡាកររបស់យើងនឹងក្លាយជាកីឡាសក្តានុពលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ»។  សូមបញ្ជាក់ថា ព្រឹត្តិការណ៍អេស៊ានហ្គេម លើកទី១៨ នៅប្រទេសឥណ្តូនេស៊ីនេះ កម្ពុជាបានបញ្ជូនប្រភេទកីឡាសក្តានុពលចំនួន១៣ប្រភេទកីឡា ហើយកីឡាដែលកម្ពុជាសង្ឈឹមខ្ពស់ថាអាចរកមេដាយបានត្រឡប់កម្ពុជាវិញនោះ មាន៤ប្រភេទកីឡា ក្នុងនោះមានដូចជា កីឡាតេក្វាន់ដូ ជឺជេតស៊ូ ជេតស្គី និងកីឡាសហ្វតិន្និស ៕

ប៉ាវឡុង ជីង

មតិយោបល់