វ៉ូវីណាមកម្ពុជារកបានមេដាយ១១គ្រឿងថែមទៀតហើយនៅមីយ៉ាន់ម៉ា

នូ មករា August 11, 2018


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ខែសីហាម្សិលមិញនេះ ក្រុមកីឡាវ៉ូវីណាមកម្ពុជារកបានមេដាយចំនួន១១គ្រឿងថែមទៀតហើយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ (5th South East ASIAN Vovinam Championship 2018) ដែលកំពុងតែប្រកួតនៅទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ា ។ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធបានមានប្រសាសន៍ពីមីយ៉ាន់ម៉ាថា ពេលនេះមេដាយរបស់កម្ពុជាកើនដល់ ២០គ្រឿងហើយក្នុងចំណោមមេដាយទាំង២០នោះមានមេដាយមាស៥គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៩គ្រឿង។ 
 
សូមបញ្ជាក់ថា អតីតអ្នកប្រដាល់គុនខ្មែរ សែន រ៉ាឌី ដែលឈ្មោះពិត ទិន ភាព និងសែន រ៉ាដេត ឈ្មោះពិត ទិន ឌិន ដែលជាបងប្អូនបង្កើតនឹងគ្នានោះពួកគេរកបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធដូចគ្នា ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៩ ខែសីហាមេដាយរបស់កម្ពុជាដណ្ដើមបានត្រឹម៩គ្រឿងប៉ុណ្ណោះដែលក្នុងនោះមាស៣គ្រឿង ប្រាក់មួយគ្រឿង និងសំរិទ្ធ៥គ្រឿង  ។
 
នៅថ្ងៃទី១០ ខែសីហាម្សិលមិញក្រុមកម្ពុជារកបានមេដាយមាស២គ្រឿងបន្ថែមទៀតគឺ ទិន ភាព ប្រកួតលើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គីឡូក្រាម និងវិញ្ញាសារការពារខ្លួនជាក្រុម បុរស៣ នារី៣បានលើកីឡាការិនី សឿ ច័ន្ទលក្ខិណា, កីឡាការិ ហ៊ឹម ដាណេ, កីឡាការិនី សុខ សុភី, កីឡាករ ម៉េត សុភក្រ្តា, កីឡាករ ផាន ហូហ៊ីម និងកីឡាករ ស៊ិនសេងហុង ។
ចំពោះមេដាយប្រាក់៥គ្រឿងបានពីវិញ្ញាសាមេគុណដាវបុរសបានលើកីឡាករ ម៉េត សារី និងវិញ្ញាសារបុរស២នាក់ការពារខ្លួនអត់អាវុធបានលើកីឡាករ ប្រាក់ សុវណ្ណនី និងកីឡាករ សុខ សម្បត្តិ។ វិញ្ញាសាប្រយុទ្ធនារី៥៤គ.ក្របានលើកីឡាការិនី សុខ សុភី ហើយវិញ្ញាសាកាំបិតធំនារីបានលើកីឡាការិនី ប៉ាល់ ឆរស្ម៊ី រីឯវិញ្ញាសារប្រយុទ្ធបុរស៦៤គ.ក្របានលើកីឡាករ នុត ណាន់។

ដោយឡែកមេដាយសំរិទ្ធ៤គ្រឿងវិញបានមកពីវិញ្ញាសាប្រយុទ្ធនារី៥១ ឝ.ក្រកីឡាការិនី ហ៊ឹម ដាណេ, វិញ្ញាសាមេគុណដាវនារីបានលើកីឡាការិនី ពៅ សុខា និងវិញ្ញាសារការពារខ្លួនបុរសនារីបានលើកីឡាករ លី បូរ៉ាមី និងកីឡាការិនី ពៅ សុខា រីឯវិញ្ញាសាក្បាច់ប្រយុទ្ធនារី២នាក់ គ្មានអាវុធបានលើកីឡាការិនី ពៅ សុខ និងកីឡាការិនី សឿ ច័ន្ទលក្ខិណា ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់