បើកឆាកភ្លាម វ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៩គ្រឿងពីជើងឯកអាស៊ីអាគ្នេយ៍

នូ មករា August 10, 2018


ភ្នំពេញ៖ ពិតជាអស្ចារ្យ  និងជាមោទកភាពខ្លាំងណាស់ដែលក្រុមអត្តពលិករបស់កម្ពុជាផ្នែកកីឡាវ៉ូវីណាមអាចរកមេដាយគិតត្រឹមថ្ងៃដំបូងរហូតទៅដល់៩គ្រឿងពោលគឺមេដាយមាស៣ ប្រាក់១ និងមេដាយសំរិទ្ធ៥ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Vovinam Sea Championship) លើកទី៥ ឆ្នាំ២០១៨ ដែលមីយ៉ាន់ម៉ាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះដែលទើបតែប្រកាសបើកឆាកថ្ងៃដំបូងរបស់ខ្លួនកាលពីម្សិលមិញនេះ ។

បើតាមប្រធានប្រតិភូលោក អ៊ូ រតនា បានឲ្យដឹងពីទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ាថា សម្រាប់មេដាយមាស៤វិញ្ញាសារនោះលើវិញ្ញាសារនារីម្នាក់ បុរសបីនាក់ប្រើអាវុធដោយមានកីឡាការិនី ប៉ាល់ ឆរស្មី,កីឡាករ លី បូរ៉ាមី,សាន សុជាតិ និង កីឡាករប្រាក់ សុវណ្ណនី ។ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ ៥៤គីឡូក្រោមមេដាយមាសបានទៅកីឡាករ ទិន ឌិន និងមេដាយមាសមួយទៀតបានទៅលើវិញ្ញាសារមេគុណកាំបិតធំបុរស២នាក់ដែលមានកីឡាករ ជិន ពិសិដ្ឋ និង កីឡាករ ជ្រិន ប៊ុនឡុង រីឯមេដាយប្រាក់ ១គ្រឿងរកបានដោយកីឡាការិនី ថាច សុជាតា លើវិញ្ញាសារប្រយុទ្ធនារី 42kg។

លោកបានបន្តថា សម្រាប់មេដាយសំរិទ្ធ ៥គ្រឿងវិញទី១ រកបានដោយកីឡាករ សាន សុជាតិ, ជ្រិន ប៊ុនឡុង,ជិន ពិសិដ្ឋ និង កីឡាករ ស៊ិន សេង ហុងលើវិញ្ញាសា បុរស៤ នាក់ប្រើអាវុធ ។ មេដាយសំរិទ្ធទី២ រកបានដោយកីឡាការិនី ឃន ចាន់សុភ័ក្រនាថ ប្រកួតលើវិញ្ញាសាប្រយុទ្ធនារី 48kg។ មេដាយសំរិទ្ធទី ៣ លើវិញ្ញាសាប្រយុទ្ធបុរស 60kg ដោយ កីឡាករ ទី នីហ្សា ។ មេដាយសំរិទ្ធទី៤ លើវិញ្ញាសាមេគុណបុរសឯកត្តជនដោយ កីឡាករ ម៉ាត់ សារី និងមេដាយសំរិទ្ធទី៥ លើវិញ្ញាសាបច្ចេកទេសការពារខ្លួនបុរស៦នាក់ដែលមានកីឡាករ សាន សុជាតិ, លី បូរ៉ាមី, ជិន ពិសិដ្ឋ,ជ្រិន ប៊ុនឡុង,ស៊ិន សេងហុង និង កីឡាករ សុខ សម្បិត្តិ ។

យ៉ាងណាមិញ បេសកកម្មរបស់ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជានៅមិនទាន់បញ្ចប់នោះទេ ខណៈព្រឹត្តិការណ៍នេះគ្រោងនឹងបញ្ចប់នាថ្ងៃទី១២ ខែសីហាខាងមុខ។ ជាមួយគ្នានោះកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីសរុប ២២នាក់ទៅចូលរួម ហើយថ្នាក់ដឹកនាំសហព័ន្ធមានការជឿជាក់ខ្ពស់ថា កម្ពុជានឹងដណ្ដើមបានមេដាយមាសបន្ថែមទៀតនាថ្ងៃបន្ដបន្ទាប់ខាងមុខ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់