កីឡាជឺជិតស៊ូកម្ពុជា មានសង្ឃឹមខ្ពស់ក្នុងការដណ្ដើមមេដាយពី Asian Games ឆ្នាំនេះ

នូ មករា August 10, 2018


ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី ឬ Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាខាងមុខនោះ បណ្ដាសហព័ន្ធកីឡាជាតិទាំង១៣ប្រភេទបានកំពុងដុតដៃដុតជើងក្នុងការហ្វឹកហាត់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយក៏មានមហិច្ឆតាក្នុងការដណ្ដើមយកមេដាយរៀងៗខ្លួនផងដែរ ។ ក្នុងចំណោមប្រភេទកីឡាទាំង១៣នោះមានកីឡាជឺជិតស៊ូដែលជាប្រភេទកីឡាមួយសម្រាប់កម្ពុជាដោយបានត្រៀមអត្តពលិក ២នាក់ដើម្បីបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ីជាលើកដំបូង ខណៈដែលជឺជិតស៊ូជាប្រភេទកីឡាបែបប្រយុទ្ធស្រដៀងនឹងប្រភេទកីឡាចំបាប់ដែរនោះ ។

ថ្នាក់ដឹកនាំកីឡានេះមានជំនឿចិត្តខ្ពស់ក្នុងការដណ្ដើមយកមេដាយមកជូនជាតិដោយប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា លោក ខូវ វិវត្តិថានា បានមានប្រសាសន៍ថា៖ “ចំពោះអត្តពលិក ២នាក់ខាងលើ គឺមានកីឡាករម្នាក់ ដែលជារូបលោកផ្ទាល់តែម្ដង និងកីឡាការិនីម្នាក់ឈ្មោះ ខាន់ ចេស្តា ដោយពួកគេបានព្យាយាមហ្វឹកហាត់ជាច្រើនខែមកហើយ ហើយកាលពីពេលថ្មីៗ អ្នកទាំងពីរក៏ទើបតែត្រឡប់មកពីបោះជំរុំហ្វឹកហាត់នៅសហរដ្ឋអាមេរិកដែរ ។”
លោកបានបន្តថា៖ “ទោះបីកីឡាជឺជិតស៊ូ ទើបមានឱកាសចូលរួមប្រកួតកីឡា Asian Games លើកដំបូងក៏ពិតមែន ប៉ុន្ដែពួកយើងមានការជឿជាក់ខ្លាំងក្នុងការស្វែងរកមេដាយជូនជាតិ។ ការអះអាងបែបនេះដោយសារពួកគេធ្លាប់បានធ្វើការប្រកួតលក្ខណៈអន្ដរជាតិទាំងកម្រិតអាស៊ី និងកម្រិតពិភពលោកក្នុងជំនួបមិត្តភាពជាច្រើនលើកហើយទទួលបានលទ្ធផលល្អប្រសើរទៀតផង។”
គួរបញ្ជាក់ថា ក្រៅពីកីឡាជឺជិតស៊ូ កម្ពុជាក៏បានត្រៀមកីឡាករ-កីឡាការិនី ១២ប្រភេទកីឡាផ្សេងទៀត សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្ដង ដែលឥណ្ឌូនេស៊ីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះផងដែរ រួមមានកីឡាហែលទឹក អត្តពលកម្ម ការ៉ាតេដូ យូដូ តេក្វាន់ដូ ចំបាប់ ទូកកានូ ទូកក្ដោង កាយសម្ព័ន្ធ ម៉ូតូទឹក គុនដាវ និងកីឡាសូហ្វតេន្នីស ដែលមានប្រតិភូ មន្ដ្រី គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ៧១នាក់៕ ប៉ាវឡុង ជីង

មតិយោបល់