អបអរសាទរ! វ៉ូវីណាមកម្ពុជាឈ្នះមេដាយ ៤គ្រឿងហើយពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍

នូ មករា August 9, 2018


ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍ពីទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា គិតមកត្រឹមពេលនេះក្រុមកីឡាវ៉ូវីណាមកម្ពុជារកបានមេដាយចំនួន ៤គ្រឿងហើយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ (5th Southeast Vovinam Championship) ។ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរាយការណ៍មកថាក្នុងចំណោមមេដាយទាំង ៤ គ្រឿងនោះមានមានមេដាយមាសមួយគ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនកីឡាករ ១២រូប និងកីឡាការិនី៦រូបទៅចូលរួម ។ ចំពោះវិញ្ញាសាដែលដណ្ដើមបានមេដាយមាសនោះមានវិញ្ញាសាសម្តែងនារីមួយរូបទល់បុរស៣រូបដែលមានកីឡាការិនីប៉ាល់ ឆរស្មី, កីឡាករលី បូរ៉ាមី, សាន សុជាតិ និងប្រាក់ សុវណ្ណនី ។ ចំណែកមេដាយសំរិទ្ធបានពីវិញ្ញាសាសម្តែងបុរស ៤រូបមានកីឡាករសាន សុជាតិ, ជ្រិន ប៊ុនឡុង, ជិន ពិសិដ្ឋ និង ស៊ិន សេងហុង ។ រីឯមេដាយសំរិទ្ធ២ទៀតរកបានដោយកីឡាការិនី ឃន ចាន់សុភ័ក្រនាថ លើវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គីឡូក្រាម, កីឡាករទី នីហ្សា លើវិញ្ញាសាប្រយុទ្ធទម្ងន់៦០គីឡូក្រាមបុរស ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់