សម្តេចតេជោ លើកទឹកចិត្តអត្តពលិកកម្ពុជាកុំបំពានលក្ខខណ្ឌប្រកួត និងជៀសវាងប្រើសារធាតុហាមឃាត់

នូ មករា August 9, 2018


ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាសុីលើកទី១៨ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេសុីនាថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងលើកទឹកចិត្តដល់អត្តពលិកកម្ពុជាឱ្យគោរពលក្ខខណ្ឌនៃការប្រកួតឱ្យបានល្អ ទោះបីជាចាញ់ ឬឈ្នះក៏ដោយ ព្រោះនេះជារឿងធម្មតាទេសម្រាប់វិស័យកីឡា ។

ជាមួយគ្នានេះ សម្តេចបានមានប្រសាសន៍ផ្តាំផ្ញើរដល់កីឡាករ កីឡាការិនីទាំងអស់កុំប្រើប្រាស់សារធាតុលើកកម្លាំង ឬសារធាតុណាមួយដែលត្រូវគេហាមឃាត់ ដែលប្រាសចាកពីស្មារតីកីឡានោះ ។ ទន្ទឹមនឹងនេះ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធិបណ្ឌិតក៏បាន ឧបត្ថម្ភចំនួន ៥០០ដុល្លារដល់ក្រុមប្រតិភូទាំង ៧១នាក់ផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឯកភាពគ្នាបញ្ជូនកីឡាចំនួន១៣ប្រភេទទៅចូលរួមដែលសុទ្ធតែជាប្រភេទកីឡាមានសក្ដានុពល ដោយកីឡាទាំង១៣ប្រភេទនោះមានដូចជា៖ ប្រភេទកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង ៕

 

អត្ថបទ៖ មករា

មតិយោបល់