កីឡាការិនី ហែមថុន វិទីនី ក្លាយជាទូតរបស់ផលិតផល Reebook ប្រចាំនៅកម្ពុជា

នូ មករា August 8, 2018


 ភ្នំពេញ៖ កីឡាការិនីហែលទឹក ហែមថុន វិទីនី ដែលជាចៅបង្កើតលោកព្រឹទ្ធាចារ្យ ហែម ថុន កំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងក្នុងរយៈពេលមួយខែចុងក្រោយនេះដោយរូបនាងហាក់កាន់តែត្រូវប៉ាន់ទ្វេឡើងថែមទៀត ព្រោះបន្ទាប់ពីក្លាយជាទូតរបស់ផលិតផលនៃក្រុមហ៊ុនលក់សម្ភារៈហែលទឹក TYR រួចមក កីឡាការិនីរូបស្រស់នេះទើបតែបានក្លាយជាទូតឲ្យក្រុមហ៊ុនលក់សម្ភារៈកីឡា Reebok ដែលជាយីហោកីឡាដ៏ល្បីល្បាញមួយនៅលើពិភពលោក ។
 
កីឡាការិនីហែលទឹក ហែមថុន វិទីនី បាននិយាយថា នាងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានក្លាយជាទូតឱ្យក្រុមហ៊ុន Reebok ប្រចាំប្រទេសកម្ពុជា ក៏ដូចជាបានក្លាយជាសមាជិករបស់គ្រួសារ Reebok ពិភពលោកផងនោះ ។ វិទីនី បានបញ្ជាក់ថា នេះជាផលិតផលកីឡាដែលនាងចូលចិត្តប្រើសម្រាប់ការហ្វឹកហាត់ផ្សេងៗដែលពាក់ព័ន្ធក្នុងការបង្កើនកម្លាំង ភាពអំណត់ក្នុងការហ្វឹកហាត់ហើយនេះជាម៉ាកមួយដែលសម្បូរទៅដោយឧបករណ៍ហ្វឹកហាត់ជាច្រើនដ៏សម្បូរបែប ។
ហែមថុន វិទីនី បានបន្ថែមថា៖ “ខ្ញុំពេញចិត្តបំផុតចំពោះផលិតផលនេះ ហើយអ្វីដែលពិសេសនោះគឺ Reebok កំពុងតែដាក់ដំណើរការលក់នៅក្នុងប្រទេសយើងហើយ ពោលគឺនេះជាលើកដំបូងដែលផលិតផលកីឡាម៉ាក Reebok មានហាងជាផ្លូវការ និងលក់ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា ដោយហាងនេះមានទីតាំងស្ថិតនៅផ្ទះលេខ 116AB មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។”
ជាមួយគ្នានេះ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខែ្មរហែលទឹកបានថ្លែងដែរ៖ “នេះជាកិត្តិយសរបស់សហព័ន្ធខែ្មរហែលទឹក និងកីឡាករ-កីឡាការិនីហែលទឹកយើងដែលបានក្លាយខ្លួនជាទូតតំណាងឲ្យក្រុមហ៊ុន Reebok ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សម្លៀកបំពាក់កីឡា ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់