ក្រុមកម្ពុជា នឹងចាប់ផ្ដើមចេញទៅប្រកួតកីឡាអាស៊ីលើកទី១៨ នៅឥណ្ឌូនេស៊ីនៅថ្ងៃទី១៧ សីហានេះ

នូ មករា August 8, 2018


ភ្នំពេញ៖ ការប្រកួតកីឡាអាស៊ីលើកទី១៨ដែលនឹងប្រារព្ធធ្វើនៅប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២ ខែកញ្ញាខាងមុខនេះ ។ ប្រតិភូកីឡាកម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងថា ក្រុមកម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១៧ ខែសីហាខាងមុខ ដោយនៅសល់តែមួយ ឬ ២ប្រភេទកីឡាតែប៉ុណ្ណោះដែលនឹងចេញទៅក្រោយគេ ។

សម្រាប់ព្រឹត្តិការណ៍នេះក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឯកភាពគ្នាបញ្ជូនកីឡាចំនួន១៣ប្រភេទទៅចូលរួមដែលសុទ្ធតែជាប្រភេទកីឡាមានសក្ដានុពល ដោយកីឡាទាំង១៣ប្រភេទនោះមានដូចជា៖ ប្រភេទកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង ។
ជាមួយគ្នានេះ ប្រភេទកីឡាមួយចំនួនពុំធ្លាប់បានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឡើយតែប្រភេទកីឡាទាំងនោះបានបង្ហាញពីការរីកចម្រើនហេតុនេះម្យ៉ាងទៀតការប្រកួតកីឡាអាស៊ីបែបនេះការប្រជែងមេដាយវាជារឿងដែលលំបាកបំផុត ។ បើតាមការឲ្យដឹងបន្ថែមនោះថាការប្រកួតនេះគ្រប់ប្រទេសទាំងអស់ក្នុងទ្វីបអាស៊ីសុទ្ធតែបញ្ជូនកីឡាករ-កីឡា ការិនីរបស់ខ្លួនទៅចូលរួមមិនមានប្រទេសណាអវត្តមានឡើយ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់