Decathlon ជម្រើសថ្មីនៃផលិតផលកីឡាស្តង់ដាពិភពលោកសម្រាប់ប្រជាជនកម្ពុជា

នូ មករា August 7, 2018


ភ្នំពេញ៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡាលំដាប់ពិភពលោក Decathlon បានសម្រេចចំណាយទឹកប្រាក់ជាច្រើនលានដុល្លារដើម្បីបើកសាខាដ៏ធំមួយនៅប្រទេសកម្ពុជាក្នុងគោលដៅនាំមកនូវជម្រើសថ្មីនៃផលិតផលកីឡាដ៏មានគុណភាពសម្រាប់ប្រជាជនខ្មែរ ។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលមានកំណើតនៅប្រទេសបារាំង​ និងមានសាខារហូតដល់ជាង ១ពាន់ទីតាំងនេះក៏មានគម្រោងបង្កើនសង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាដើម្បីនាំយកផលិតផលទាំងនោះលក់នៅបរទេសជាពិសេសទ្វីបអឺរ៉ុប ក៏ដូចជាបង្កើនការងារដល់ពលរដ្ឋក្នុងប្រទេសផងដែរ ។

លោក Jean Baptiste ដែលជាអត្តពលិកកីឡាតេន្នីស និងជាតំណាងក្រុមហ៊ុន Decathlon បានបញ្ជាក់ថា Decathlon ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសបារាំងដែលមានរោងចក្រផ្ទាល់ខ្លួន ហើយទំនិញជាច្រើនរបស់ក្រុមហ៊ុននេះមានការនិយមប្រើប្រាស់ជាខ្លាំងនៅទ្វីបអឺរ៉ុប ជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់លើគុណភាព ព្រមទាំងតម្លៃដ៏សមរម្យជាចម្បងដើម្បីធានាថាមនុស្សគ្រប់ៗរូបមានលទ្ធភាពអាចប្រើប្រាស់បានយ៉ាងងាយស្រួល ។

លោកបានបន្ថែមថា ជាគោលដៅក្រុមហ៊ុនមានគម្រោងនឹងពង្រីកសាខាបន្ថែមនៅក្នុងប្រទេសកម្ពុជា​ដើម្បីជាជម្រើសថ្មីសម្រាប់ប្រជាជនខ្មែរដែលនិយមការហាត់កីឡាដែលនឹងទទួលបានបទពិសោធន៍ថ្មីៗពីក្រុមហ៊ុនលំដាប់អន្តរជាតិនេះ ។ ជាងនេះទៅទៀត ប្រជាជនកម្ពុជាក៏អាចទិញទំនិញនានាដ៏សម្បូរបែបនៅសាខាធំក្នុងផ្សារទំនើបអុីអន២ ដែលស្ថិតនៅខណ្ឌសែនសុខរាជធានីភ្នំពេញដោយមានបំពាក់នូវឧបករណ៍ទំនើបៗមានគុណភាពខ្ពស់ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលចូលចិត្តហាត់កីឡា និងសម្រាប់អត្តពលិកតែម្តង ៕ ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

អត្ថបទ៖ មករា

 

 

មតិយោបល់