វ៉ូវីណាមសង្ឃឹមបានមេដាយច្រើនពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍

នូ មករា August 4, 2018


ភ្នំពេញ៖ ដើមសប្ដាហ៍ក្រោយនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនកីឡាការិនីចំនួន៦រូបកីឡាករ១២រូបទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ា ។ ក្រៅពីកីឡាករចំនួន១២រូប និងកីឡាការិនីចំនួន៦រូបក៏មានគ្រូបង្វឹកគ្រូជំនួយ ក៏ដូចជាមន្ត្រីដឹកនាំអមដំណើរទៅជាមួយដែរ ។ ការចេញទៅប្រកួតនេះក្រៅពីក្រសួងអប់រំយុវជន និងកីឡាឧបត្ថម្ភប្រាក់ហោប៉ៅហើយ នោះសហព័ន្ធក៏ជាអ្នកចំណាយលើសំបុត្រធ្វើដំណើរ ស្នាក់នៅហូបចុកផងដែរ ។ លោកឧកញ៉ា រ័ត្ន សុខន ដែលជាប្រធានសហព័ន្ធមានជំនឿចិត្តថា កម្ពុជានឹងនៅតែដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍នេះព្រោះកម្ពុជាមានគ្រូបង្វឹកកម្រិតពិភពលោកមកជួយបង្ហាត់គឺ លោក Nguyen Van Cuong ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី៤ ខែសីហានេះលោកប្រធានសហព័ន្ធបានជួបសំណេះសំណាលជាមួយប្រតិភូដែលត្រូវទៅចូលរួមដើម្បីជាការលើកទឹកចិត្ត ។

លោកប្រធានសហព័ន្ធបានឲ្យដឹងថា នេះជាការប្រកួតលើកទី៥ដែល ៤លើកដំបូងកម្ពុជាធ្វើជាម្ចាស់ផ្ទះបាន ៣ លើក និងមីយ៉ាន់ម៉ាធ្វើម្ចាស់ផ្ទះបាន១លើក ។ នេះជាលើកទី២ហើយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ ។ ៤លើកដំបូង និងជាលើកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញនោះកម្ពុជាបានចំណាត់ថ្នាក់លេខ ៣ ។ ២លើកក្រោយទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះកម្ពុជាបានចំណាត់ថ្នាក់លេខ២ និងមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះកម្ពុជាបានលេខ៣ម្ដងទៀត ។ សម្រាប់លើកទី៥នេះមានប្រទេសចំនួន៨ចូលរួមគឺកម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ ឥណ្ឌូនេ ស៊ី ហ្វីលីពីន និង ទីម័រខាងកើត ។ មីយ៉ាន់ម៉ា និង វៀតណាមដែលជាម្ចាស់ក្បាច់គុនគឺជាប្រទេសដែលខ្លាំងលើវិញ្ញាសា នេះ ។

សម្រាប់ឆ្នាំនេះហ្វីលីពីនបានចូលរួមជាលើកដំបូងដែលនេះជាការសាកល្បងសមត្ថភាពសម្រាប់ឆ្នាំ២០១៩ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធបានអះអាងថាលើកនេះសហព័ន្ធបានដាក់កីឡាថ្នាលចំនួន២រូបឲ្យទៅចូលរួមប្រកួត ។ សហព័ន្ធមានជំនឿចិត្តថាពួកគេនឹងដណ្ដើមបានមេដាយ ។ លោកបានបញ្ជាក់ថា ការដាក់កីឡាថ្នាលឲ្យប្រកួតបែបនេះគឺដើម្បីឲ្យពួកគេមានបទពិសោធន៍នៅក្នុងការប្រកួតជាអន្តរជាតិព្រោះពួកគេអាចជាបេក្ខភាពសម្រាប់ស៊ីហ្គេមឆ្នាំក្រោយ ឬ ឆ្នាំបន្តបន្ទាប់ទៀត ។ គួររំលឹកថា រយៈពេល១០ឆ្នាំហើយដែលវ៉ូវីណាមបានបង្កើតជាសហព័ន្ធនៅកម្ពុជា ។ កាលពីឆ្នាំ២០១៧គឺជាឆ្នាំមាសរបស់វ៉ូវីណាម ព្រោះវ៉ូវីណាមកម្ពុជាដណ្ដើមបានមេដាយច្រើនណាស់ពីការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់