NOCC កោះហៅបណ្ដាសហព័ន្ធដោះស្រាយបញ្ហាមួយចំនួនមុនទៅ Asian Games

នូ មករា August 2, 2018


ភ្នំពេញ៖ កាលពីព្រឹកមិញនេះអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានកោះហៅបណ្ដាសហព័ន្ធកីឡាចំនួន១៣ មកប្រជុំដោះស្រាយបញ្ហាដែលនៅខ្វះចន្លោះ និងត្រូវធ្វើការបំពេញឱ្យរួចរាល់មុនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមនាពាក់កណ្ដាលខែសីហានេះ។

លោក វ៉ាត់ ចំរើន បានផ្ដាំផ្ញើរដល់គ្រប់តំណាងសហព័ន្ធត្រូវយកចិត្តទុកដាក់លើកីឡាករ-កីឡាការិនីក៏ដូចជាការរៀបចំនូវសម្ភារៈប្រកួត និងធានាការគ្មានសារធាតុហាមឃាត់ដូប៉ាក្នុងខ្លួនអត្តពលិកម្នាក់ៗដែលជារឿងមួយដ៏សំខាន់សម្រាប់ការប្រកួតហ្គេមផ្លូវការមួយនេះ ។ មិនតែប៉ុណ្ណោះ រាល់ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលក៏ត្រូវមានភាពច្បាស់លាស់ ១០០% បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដរកសារធាតុហាមឃាត់ដោយក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា ៤០ឆ្នាំម្ដងនេះដែរ ។

លោកបានបន្តថា ប្រភេទកីឡាត្រូវបានសម្រាំងយកទៅប្រកួតកីឡាអាស៊ីឆ្នាំនេះមានចំនួនមានសក្ដានុពល និងរំពឹងឈ្នះមេដាយដូចជាកីឡាជីជិតស៊ូ ម៉ូតូទឹក តេក្វាន់ដូ និងកីឡាសូហ្វតេន្និនីស ប៉ុន្ដែលោកបានលើកទឹកចិត្តគ្រប់ប្រភេទកីឡាមិនថាកីឡាមានសក្ដានុពល ឬមិនមានសក្ដានុពលនោះទេ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយគ្រាដែលកីឡាមិនរំពឹងឈ្នះមេដាយក៏ត្រូវប្រឹងប្រែងដូចគ្នាដើម្បីទទួលបានបទពិសោធន៍សម្រាប់ត្រៀមកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីននាឆ្នាំ២០១៩ ដូចជាកីឡាចំបាប់ជាដើម ។ លោកក៏រំពឹងដែរថា គ្រប់ភាគីពាក់ព័ន្ធនឹងខិតខំសហការក្នុងបេសកកម្មដ៏សំខាន់នេះដើម្បីកិត្តិយសប្រជាតិទាំងមូល ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់