សំឡេងអ្នក៖ តើអាចមានអ្វីកើតឡើងបន្ទាប់ពីកម្ពុជាបរាជ័យនៅ ASEAN School Games?

នូ មករា July 31, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ 10th ASEAN School Games នៅប្រទេសម៉ាឡេស៊ីបានបញ្ចប់ជាផ្លូវការហើយ ខណៈក្រុមប្រតិភូកម្ពុជាក៏បានត្រឡប់មកដល់មាតុប្រទេសវិញដែរ ។ នេះជាលើកទី២ហើយដែលក្រុមកម្ពុជារកមិនបានមេដាយអ្វីមួយគ្រឿងសោះ ខណៈដែលក្នុងឆ្នាំនេះអត្តពលិកកម្ពុជាដែលចេញទៅប្រកួតសុទ្ធតែជាក្រុមថ្នាលដែលហ្វឹកហាត់ត្រឹមត្រូវ និងមានការបំប៉នដោយក្រសួងអប់រំយុវជន និង កីឡាថែមទៀត ។ នេះជាការចេញទៅប្រកួតលើកទី៣ សម្រាប់កម្ពុជាក្នុងចំណោមការប្រកួតទាំង១០លើកកន្លងមកដោយមានតែមួយលើកប៉ុណ្ណោះដែលក្រុមកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុនាឆ្នាំ២០១៦ ។ សម្រាប់ឆ្នាំ២០១៧ និង ២០១៨នេះវិញកម្ពុជាមិនទទួលបានមេដាយអ្វីឡើយ ។
 
តាមពិតទៅក្នុងឆ្នាំ២០១៨នេះគឺជាឆ្នាំដែលកម្ពុជាត្រៀមខ្លួនបានល្អហើយអ្នកដែលចូលរួមសុទ្ធតែជាប្រភេទកីឡាថ្នាលគួរជាទីទុកចិត្តសម្រាប់ឆ្នាំ២០២៣ពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។ ដូច្នេះការចាញ់លើកនេះតើមកពីកត្តាគ្រូបង្វឹក ឬកត្តាកីឡាករ-កីឡាការិនី ឬកត្តាខ្វះហេដ្ឋារចនាសម្ព័ន្ធដើម្បីហ្វឹកហាត់? ឆ្លងកាត់លើការវិភាគតាមរយៈលទ្ធផលអាចនិយាយបានថា នេះបណ្តាលមកពីកត្តាគ្រូបង្វឹកត្រឹមត្រូវជាងគេ ។ ការហ្វឹកហាត់ដោយមើលតែមួយជ្រុង និងខ្វះការប្រៀបធៀបពីគុណផលរបស់កីឡាករខ្លួនជាមួយប្រទេសក្នុងតំបន់វាជាកត្តាបរាជ័យ ព្រោះបើឈរលើការប្រៀបធៀបតែរវាងគ្នាឯងវាមិនខុសពីពាក្យខ្មែរមួយឃ្លាដែលតែងពោលថា “កង្កែបក្នុងអណ្ដូងនោះឡើយ “។ អ្វីៗបានកន្លងផុតទៅហើយ ប៉ុន្តែអ្វីដែលនៅសេសសល់នោះគឺតើគ្រូបង្វឹកហ៊ានទទួលស្គាល់ពីភាពកម្សោយរបស់ខ្លួនដែរឬទេ? ការផ្លាស់ប្ដូរឥរិយាបទហ្វឹកហាត់ ការស្រាវជ្រាវពីវិធីសាស្រ្តក្នុងការបង្វឹកគឺជាកត្តាសំខាន់ណាស់ ស្របពេលដែលវប្បធម៌ស្ដីបន្ទោសអត្តពលិកវាជារឿងហួសសម័យព្រោះគុណផលគ្រូបង្វឹកខ្លះកាលពីខ្លួននៅជាកីឡាករមិនបានស្មើជាមួយអ្នកជំនាន់ក្រោយនេះផងទេ ហេតុនេះវប្បធម៌នៃអំណួត “ជំនាន់អញមិនដូចជំនាន់ឯង” គឺពុំគួរលើកមកនិយាយទៀតនោះឡើយ ។
ជាគ្រូបង្វឹកមួយរូបគឺប្រៀបបានជាមាតា បិតា ជាគ្រូពេទ្យ និងជាអ្នកលើកទឹកចិត្តមិនមែនជាអ្នកដែលអង្គុយចាំតែបញ្ជាឲ្យសិស្សរបស់ខ្លួនត្រូវតែធ្វើឲ្យបាននោះទេ ហើយត្រូវមើលខ្លួនឯងហេតុអ្វីគេបង្ហាត់សិស្សគេឲ្យលេងល្អបាន ចុះហេតុអ្វីបានជាសិស្សរបស់ខ្លួនលេងមិនឈ្នះគេ? គ្រូបង្វឹកគឺជាអ្នកជ្រើសរើសសិស្ស ជាអ្នកស្វែងរកធនធានដែលមានទេពកោស្យមិនមែនមកអង្គុយបង្ហាត់សិស្សដោយមិនមានមនសិកា ឬធ្វើឱ្យតែរួចពីដៃឡើយហើយនៅពេលដែលសិស្សចាញ់បានត្រឹមហៅសិស្សមកបន្ទោស ឬជេរស្តីនោះទេ ។
 
ជាមួយគ្នានេះ ស្ថាប័នជំនាញនានាដូចជា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា​ ក៏ដូចជាក្រសួងអប់រំយុវជន និង កីឡា ជាដើមគួរតែពិនិត្យមើលលើទិដ្ឋភាពគ្រូបង្វឹកឡើងវិញ ព្រោះគ្រូជាអ្នកបង្ហាត់ និងជាអ្នកជ្រើសរើសកីឡាករ-កីឡាការិនី ។ វាពិតជារឿងអាម៉ាស់ណាស់ពេលដែលក្រុមកម្ពុជាមិនមានសមត្ថភាពឆ្លងឲ្យផុតវគ្គ១៦ក្រុមចុងក្រោយបែបនេះ ។ ដូច្នេះសង្ឃឹមថាអាជ្ញាធរកីឡានឹងពិនិត្យមើលឡើងវិញជាមិនខាន ព្រោះថារាជរដ្ឋាភិបាលបានចំណាយថវិកាជាតិច្រើនណាស់ក្នុងមួួយឆ្នាំៗដើម្បីអភិវឌ្ឍធនធានអត្តពលិកឆ្ពោះទៅកាន់ការប្រកួតប្រជែងនានាទាំងថ្នាក់ជាតិ ក្នុងតំបន់ កម្រិតទ្វីប និងសាកលលោកជាដើម ហេតុនេះលទ្ធផលបរាជ័យគឺជាមេរៀនក្នុងការស្វែងរកចំនុចខ្លាំងនានាដើម្បីកែលម្អព្រមទាំងពង្រឹងគុណភាព ឬគុណផលកីឡាករ កីឡាការិនីភ្ជាប់ជាមួយគោលដៅចម្បងគឺសុីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ៕
(អត្ថបទនេះជាមតិរបស់ប្រិយមិត្ត)

មតិយោបល់