កម្ពុជា ដាក់គោលដៅជាក់លាក់អភិវឌ្ឍន៍កីឡាបាល់ទឹកនាអនាគតដ៏ខ្លី

នូ មករា July 26, 2018


ភ្នំពេញៈ ក្រោយពីបណ្ដុះបណ្ដាលឱ្យមានធនធានគ្រូបង្វឹកកីឡាបាល់ទឹកឱ្យមាននៅក្នុងប្រទេសកម្ពុជាកាលពីដើមខែមុនរួចមកថ្នាក់ដឹកនាំសហព័ន្ធនេះបានប្ដេជ្ញាខិតខំប្រឹងប្រែងអភិវឌ្ឍន៍កីឡាមួយនេះដោយឆន្ទៈព្រមទាំងខិតខំជំរុញឲ្យក្លាយជាកីឡាសក្តានុពលប្រកបដោយគុណភាពនៅពេលខាងមុន។ នេះបើតាមសម្ដីរបស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ។

គួររំលឹកថា ប្រភេទកីឡាបាល់ទឹកធ្លាប់បានបង្កើតឡើងនៅប្រទេសកម្ពុជាម្តងរួចមកហើយនៅទសវត្សរ៍ឆ្នាំ១៩៦៦ ហើយក៏ត្រូវបាត់បង់ទៅវិញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប៉ុលពត ប៉ុន្តែត្រូវបានបង្កើតឡើងវិញនូវកម្ពុជាកាលពីចុងឆ្នាំ២០១៧ ក្រោមគំនិតផ្តួចផ្តើមដោយប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ស៊ុន ចាន់ថុល ខណៈដែលប្រទេសចំនួន៥ក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា សង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មានកីឡាបាល់ទឹកបន្តវត្តមានជិត៤០ឆ្នាំទៅហើយ ។

លោក ហែម គិរី បានឱ្យដឹងថា សហព័ន្ធនឹងផលិតធនធានគ្រូបង្វឹក និងកីឡាករ កីឡាការិនីកីឡាបាល់ទឹកនៅកម្ពុជាឲ្យមានបរិមាណច្រើន ដើម្បីជាទុនអភិវឌ្ឍន៍កីឡាបាល់ទឹកកម្ពុជាប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីប្រទេសនោះ មានកីឡាបាល់ទឹកមុនកម្ពុជាក៏ដោយ។ លោកបន្តថា មកដល់ពេលនេះ សហព័ន្ធគ្រោងនឹងបង្កើតវគ្គគ្រូបាល់ទឹកកម្រឹតមូលដ្ឋាន និងវគ្គគ្រូបាល់ទឹកកម្រិតខ្ពស់មួយឆ្នាំ២ដង ដើម្បីពង្រឹងចំណេះដឹងច្បាប់ល្បែង ព្រមទាំងតាក់តិចនៃការបង្ហាត់។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែក្កដាកន្លងទៅនេះ កម្ពុជាធ្លាប់បើកវគ្គបណ្ដុះបណ្ដាលវគ្គគ្រូបាល់ទឹកកម្រិតមូលដ្ឋាន និងវគ្គគ្រូបាល់ទឹកកម្រិតខ្ពស់ ម្ដងរួចមកហើយ ដោយមានសិក្ខាកាមចូលរួមចំនួន២២រូប និងទទួលបាននូវការវាយតម្លៃពីគ្រូឧទ្ទេសថា មាននិទ្ទេសល្អជាង៧០% និងនិទ្ទេសមធ្យម២៦%៕

អត្ថបទ: ប៉ាវឡុង ជីង

មតិយោបល់